(ភ្នំពេញ)៖ គណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ បានដាក់លិខិតមួយថ្វាយព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ដើម្បីសុំព្រះរាជអន្តរាគមន៍ កុំឱ្យឡាយព្រះហស្ថលេខា ប្រកាសឱ្យប្រើប្រាស់ សេចក្តីស្នើវិសោធនកម្ម ច្បាប់គណបក្សនយោបាយ ដែលរៀបចំដោយក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា។
សេចក្តីស្នើវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានផ្តួចផ្តើមឡើងជាថ្មី ដោយក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ហើយត្រូវបានរដ្ឋសភា អនុម័ត កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ព្រមទាំងត្រូវបានអនុម័តគាំទ្រទាំងស្រុង ដោយព្រឹទ្ធសភា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ផងដែរ។ ច្បាប់ថ្មីនេះ ត្រូវបានកែប្រែឡើងដោយដាក់ទោសទៅលើគណបក្សនយោបាយ ដែលឃុបឃិតជាមួយទណ្ឌិត ឬប្រើប្រាស់រូបភាព សំឡេង ទណ្ឌិតដើម្បីបម្រើប្រយោជន៍របស់ខ្លួន។
សូមបញ្ជាក់ថា ច្បាប់គណបក្សនយោបាយនេះ ត្រូវបានកែប្រែចំនួន៥មាត្រា ក្នុងនោះមាត្រា ៦ថ្មី(ពីរ) មាត្រា១១(ថ្មី) មាត្រា៤៤ថ្មី(ពីរ) មាត្រា៤៥ថ្មី(ស្ទួន) និងមាត្រា៤៨ថ្មី (សួន)។ មាត្រា៦ ថ្មី(ពីរ) បានកំណត់ថា គណបក្សនយោបាយមិនត្រូវប្រើប្រាស់សារជាសំឡេង រូបភាពឯកសារជា លាយលក្ខណ៍អក្សរ ឬសកម្មភាព របស់ទណ្ឌិតជាប់ទោសបទឧក្រិដ្ឋ ឬពីបទមជ្ឈឹម ដើម្បីជាផលប្រយោជន៍នយោបាយខ្លួនឡើយ ហើយគណបក្សនយោបាយ មិនត្រូវ យល់ព្រមដោយចំហរ ឬឃុបឃិតជាមួយ ទណ្ឌិតជាប់ទោស ធ្វ្វើសកម្មភាពណាមួយ ដើម្បីជាប្រយោជន៍ខ្លួនផងដែរ៕