(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានប្រកាសដាក់ចេញចលនាប្រឡងប្រណាំង «បដិសណ្ឋារកិច្ចល្អ» តាមប្រព័ន្ធ QR-Code សម្រាប់វាយតម្លៃចលនាប្រឡង ប្រណាំងបដិសណ្ឋារកិច្ចល្អ ក្នុងវិស័យទេសចរណ៍លើកទី១ និងចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អ សម្រាប់ច្រកទ្វារអន្តរជាតិលើកទី២ ដើម្បីឲ្យទេសចរជាតិ-អន្តរជាតិ អាចចូលរួមផ្តល់មតិ និងធ្វើ Rating កម្រិតនៃការផ្តល់សេវាលើប្រព័ន្ធ QR-Code បដិសណ្ឋារកិច្ចល្អ ដោយឈរលើអភិក្រម «ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព»។
ការដាក់ចេញយុទ្ធសាស្រ្តថ្មីនេះ ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាបូកសរុបចលនាប្រឡងប្រណាំបដិសណ្ឋារកិច្ចល្អ ឆ្នាំ២០១៦ ឆមាសទី១ ឆ្នាំ២០១៧ និងទិសដៅឆមាសទី២ ក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧។
លោករដ្ឋមន្រ្តីបានឲ្យដឹងថា ប្រតិបត្តិករទេសចរណ៍ ដែលជាម្ចាស់អាជីវកម្មទេសចរណ៍ មានកាតព្វកិច្ចក្នុងការចូលរួមប្រឡងប្រណាំង ក្នុងចលនាប្រឡងប្រណាំង ដោយអាចចុះបញ្ជី (Register) លើប្រព័ន្ធ QR Code បដិសណ្ឋារកិច្ចល្អ (www.cambodiabesthospitality.org) ដោយងាយស្រួល។
ដោយឡែក ចលនាប្រឡងប្រណាំងបដិសណ្ឋាកិច្ចល្អ សម្រាប់ច្រកទ្វារអន្តរជាតិលើកទី២នេះ មានច្រកទ្វារអន្តរជាតិចំនួន៦ គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ដោយភ្ញៀវទេសចរជាតិ-អន្តរជាតិអាចផ្តល់ការវាយតម្លៃ លើកម្រិតនៃភាពពេញចិត្តលើសេវា Check in សេវា X-ray មន្រ្តីអន្តោប្រវេសន៍ មន្រ្តីគយ និងចត្តាឡីសក្តិ។
លោករដ្ឋមន្រ្តីបានណែនាំបន្ថែម ដើម្បីគាំទ្រដល់ចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អរបស់ច្រកទ្វារអន្តរជាតិ ត្រូវបន្តសម្រួលការធ្វើដំណើរតាមច្រកទ្វារអន្តរជាតិ ដោយជំរុញការសាងសង់ច្រកទ្វារប៉ោយប៉ែតឱ្យបានលឿន។ នៅតាមច្រកអាកាសយាន្តដ្ឋាននានា ត្រូវមានច្រកពិសេស (Special Line) សម្រាប់ភ្ញៀវទេសចរអាស៊ាន និងអាស៊ានបូក៣ (ចិន ជប៉ុន កូរ៉េ) ត្រូវផ្សព្វផ្សាយការផ្តល់ Multiples Visa និងប្រព័ន្ធ Visa on arrival ឱ្យបានទូលំទូលាយនៅទីផ្សារទេសចរចិន ជប៉ុន និងកូរ៉េ និងត្រូវខិតខំចូលរូមអនុវត្ត (China Ready) ដោយស្នើរៀបចំឱ្យមានសញ្ញាជាភាសាចិន នៅតាមអាកាសយាន្តដ្ឋានអន្តរជាតិឱ្យបានល្អ។
ក្រសួងទេសចរណ៍ ក៏បានចុះកិច្ចព្រមព្រៀងស្តីពី ភាពជាដៃគូជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍជំនាញបដិសណ្ឋារកិច្ច ជាមួយសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ចំនួន៩ រួមមាន៖ វិទ្យាស្ថាន PSE សាកលវិទ្យាល័យ និងសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងបដិសណ្ឋារកិច្ចអាស៊ីអឺរ៉ុប វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា សាលាបដិសណ្ឋារកិច្ច និងទេសចរណ៍ ប៉ូលឌុយប្រ៊ូយ សាលាដុនបុស្កូខេត្តព្រះសីហនុ សាកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាប សាកលវិទ្យាល័យបៀលប្រាយខេត្តព្រះសីហនុ វិទ្យាស្ថានសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងភ្នាក់ងារប្រឹក្សាយោបល់ជំនាញវិជ្ជាជីវៈអាស៊ាន អេធីភី ដើម្បីពង្រឹងការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចល្អឱ្យកាន់តែខ្លាំង គាំទ្រដល់ចលនាប្រឡងប្រណាំង «បដិសណ្ឋារកិច្ច» ឆ្ពោះទៅស្វាគមន៍កីឡា SEA GAME ឆ្នាំ២០២៣ និងដើម្បីត្រៀមទទួលស្វាគមន៍ទេសចរអន្តរជាតិ ៧លាននាក់ នៅឆ្នាំ២០២០ និង១១លាននាក់ នៅឆ្នាំ២០២៥។
សូមជម្រាបថា នៅឆ្នាំ២០១៦ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ៥លាននាក់ កើនឡើង ៥ភាគរយ និងនាំប្រាក់ចំណូលប្រមាណ ៣,៤០០លានដុល្លារ ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ ១៣ភាគរយ នៃ GDP៕