(កណ្តាល)៖ ប្រជាពលរដ្ឋប្រមាណជិត១០០គ្រួសារ រស់នៅក្នុងឃុំលើកដែក ស្រុកលើកដែក ខេត្តកណ្តាល បាននាំគ្នាដាក់ពាក្យបណ្ដឹងប្ដឹងបុរសម្នាក់ឈ្មោះ «ភួង ដា» ដែលគេស្គាល់ថា ជាអ្នកមានប្រចាំតំបន់ បានយកយកគ្រឿងចក្រ ទៅជីកដីលើកជាទំនប់ព័ទ្ធបឹងអតីតដែនឡូត៍នេសាទលេខ៦ ក្នុងបឹងអន្លង់អាយ៉ាង និងបឹងខ្យង យកទៅធ្វើជាដីកម្មសិទ្ធិ ប៉ុន្ដែពាក្យបណ្ដឹងនេះមានរយៈពេល១០ថ្ងៃហើយ សាលឃុំព្រែកដាច់ មិនទាន់មានចំណាត់ការនោះទេ។
ដោយសារតែគ្មានដំណោះស្រាយបែបនេះ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋបាននាំគ្នាទៅដកពាក្យបណ្ដឹងពីសាលាឃុំនោះ ដើម្បីយកទៅប្ដឹងនៅសាលា ស្រុកលើកដែកម្ដង ព្រោះពួកគាត់គ្មានទំនុកចិត្តលើ អាជ្ញាធរឃុំនោះឡើយ។
តំណាងពលរដ្ឋទាំងជិត១០០គ្រួសារឈ្មោះ កុយ វ៉ាង អាយុ៤៥ឆ្នាំ បាននិយាយថា ឈ្មោះ ភួង ដា ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិ ឃុំជាមួយគ្នា ដែលជាអ្នកមានលុយ បានយកគ្រឿងចក្រទៅជីកលើកទំនប់ហ៊ុព័ទ្ធយកដីបឹង អតីតដែនឡូត៍នេសាទលេខ៦ បឹងអន្លង់អាយ៉ាង និងបឹងខ្យង យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយគេបានជីកជាប្រឡាយទទឹង ដែលមានទទឹង៤ម៉ែត្រ បណ្តោយរាប់រយ រួចដាក់សំរាសមិនឲ្យពួកគាត់ចូលទៅនេសាទបានផងដែរ។
ប្រជាពលរដ្ឋទាំងនោះ បានសម្ដែងនូវការព្រួយបារម្ភថា បើអាជ្ញាធរ ឬជំនាញមិនមានវិធានការជួយទប់ស្កាត់នោះទេ ពួកគាត់ជាប្រជាពលរដ្ឋក្រីក្រ ដែលរំពឹងតែលើរបរនេសាទ ប្រឈមនឹងការបាត់បង់ទីកន្លែងនេសាទ ដែលពួកគាត់នេសាទតាំងពីដូនតាមកម្ល៉េះ។
ពាក់ព័ន្ធការព្រួយបារម្ភ របស់ប្រជាពលរដ្ឋខាងលើនោះ លោក វិត ធារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានឲ្យដឹងថា លោកនឹងចាត់វិធានការតាមផ្លូវច្បាប់ បើស្រាវជ្រាវទៅឃើញថា បុគ្គលនោះប្រព្រឹត្តខុសច្បាប់ ហើយលោកមិនបណ្តោយជាដាច់ខាត។ យ៉ាងណាមិញលោក ភួង ដា បាននិយាយថា លោកជីកពិតមែន តែជីកតែដីលោកទេ មិនបានជីកលើដីពលរដ្ឋនោះទេ ចង់ប្តឹងដល់ណាប្តឹងទៅ។
បើយោងតាមច្បាប់វិញ ចំពោះបឹងជាសម្បត្តិរដ្ឋ មិនមានបុគ្គល់ណាម្នាក់ យកធ្វើជាកម្មសិទ្ធិ ឬលក់ដូរបាននោះទេ តែអាចអាស្រ័យផលលើដីនោះបាន៕