(ម៉ាឡេស៊ី)៖ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានចូលរួមពិសាអាហារ និងពិភាក្សាការងារ ជាមួយលោក Dato' Sri Richard Riot Anak Jeam រដ្ឋមន្រ្តីធនធានមនុស្សម៉ាឡេស៊ី ស្តីពីកិច្ចសហប្រតិបត្តិការការពារពលករ ការរៀបចំឯកសារ លិខិតបទដ្ឋាន ការបណ្តុះបណ្តាល និងកិច្ចការពាក់ព័ន្ធផ្សេងៗ ដើម្បីពន្លឿនក្នុងការបញ្ជូនពលករ ទៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧។
លោក Dato' Sri Richard Riot Anak Jeam បានគាំទ្រយ៉ាងពេញទំហឹង និងសន្យាបញ្ជូនក្រុមបច្ចេកទេសជំនាញ ពីក្រសួងធនធានមនុស្សម៉ាឡេស៊ី សហការជាមួយ ក្រុមបច្ចេកទេសកម្ពុជា នៅសប្តាហ៍ខាងមុខនេះ ដើម្បីពន្លឿនលើកិច្ចការនេះ។
នៅថ្ងៃដដែលលោកឧកញ៉ា អូស្មាន ហាស្សាន់ បានបន្តជួបពិភាក្សាការងារជាមួយ ឧកញ៉ា Datuk Mat Noor Nawi ប្រធានធនាគារ EXIM BANK ម៉ាឡេស៊ី ក្នុងពិធីអបអរសាទរ Open House ដែលជាពិធីពិសាអាហារសាមគ្គីបែបប្រពៃណីម៉ាឡេស៊ី រៀបចំដោយ ធនាគារ EXIM BANK ម៉ាឡេស៊ី ដែលជាធនាគារដ៏ធំមួយម៉ាឡេស៊ី ហើយបានមកវិនិយោគនៅកម្ពុជា ផ្នែកថាមពលអគ្គិសនី អេឡិចត្រូនិច អចលនទ្រព្យ និងសំណង់ជាដើម។
ប្រធានធនាគារ EXIM BANK ម៉ាឡេស៊ី ក៏បានសន្យា ផ្តល់ការកម្ចីថវិកាសម្រាប់ការវិនិយោគ និងសិក្សាលម្អិត លើការវិនិយោគឧស្សាហកម្មហាឡាលកម្ពុជាផងដែរ៕