(ភ្នំពេញ)៖ លោក ឆាយ សុផល សាស្រ្តាចារ្យ និងអ្នកនិពន្ធដ៏ល្បី នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ បានរិះគន់អ្នកប្រកាសក្តែងៗថា ចូលរួមបុណ្យសព លោក កែម ឡី និងអ្នកដែលបង្កើតមូលនិធិកែមឡី ដែលបណ្តាលឱ្យពិធីបុណ្យសពគម្រប់១ឆ្នាំរបស់ លោក កែម ឡី គ្មានលុយឱ្យថ្លៃបបរ និងទូទាត់ការចំណាយផ្សេងៗ រហូតដល់៧៨០០ពាន់ដុល្លារ។
លោក ឆាយ សុផល បានសរសេរនៅលើបណ្តាញសង្គម Facebook របស់លោកថា «ទោះបីយើងមិនស្និទ្ធនឹងគ្នាពេកក៏ដោយ ក៏យើង ធ្លាប់ធ្វើការ និងស៊ីផឹក ជាមួយគ្នាដែរ។ ម្នាក់ៗដែលមិនមែនជាសម្ព័ន្ធមិត្តរាជរដ្ឋាភិបាលនាំគ្នា ប្រកាសក្តែងៗថា មានអ្នកចូលរួមបុណ្យ សពរាប់លាននាក់ ហើយបង្កើតមូលនិធិដើម្បី កែម ឡី តែគ្រាន់លុយថ្លៃបុណ្យសពជាង៨ពាន់ដុល្លារ មិនព្រមជួយចេញគ្នា។ គិតតាមចៅចាក់ស្មុកទៅចុះ បើចូលបុណ្យតែម្នាក់១ដុល្លារ ១លាននាក់ក៏បាន ១លានដុល្លារដែរ តែនៅជំពាក់ថ្លៃបុណ្រដដែល»។
លោកបានបន្តទៀតថា «សម្រាប់ខ្ញុំៗ ចូលបុណ្យលើសពី១ដុល្លារទៅទៀត។ ឥឡូវនាយករដ្ឋមន្រ្តីជួយចេញឲ្យ។ អ្នកសារព័ត៌មាន និងសាធារណជន រង់ចាំមើលបន្ត ថាតើមានប្រតិកម្មអ្វីបន្តទៀត។ ត្រូវចាំថា ជនបរទេសទាំងច្រមុះទាល ច្រមុះស្រួច ស្បែក ស ខ្មៅ លឿង គេគិតពីប្រយោជន៍គេមុន មិនមែនគិតពីយើងមុនទេ»។
សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រុមគ្រួសារសព បានរៀបចំខួបគម្រប់មួយឆ្នាំ នៃមរណភាពរបស់លោក កែម ឡី នៅផ្ទះកំណើត របស់លោក ក្នុងភូមិអង់តាកុក ឃុំលាចបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ពិធីនេះគេសង្កេតឃើញមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំគណបក្សប្រឆាំង មន្រ្តីអង្គការសង្គមស៊ីវិល ព្រមទាំងប្រជាពលរដ្ឋជិតឆ្ងាយ ដែលស្រឡាញ់ និងគោរពលោក កែម ឡី ជាច្រើនផងដែរ។
ក្រោយពេលបញ្ចប់បុណ្យគម្រប់១ឆ្នាំនេះ លោក កែម រិទ្ធិសិទ្ធ ប្អូនប្រុសបង្កើតរបស់លោក កែម ឡី បានប្រកាសតាមអង្គភាពព័ត៌មាន Fresh News ថា ក្រោយពិធីបុណ្យសពគម្រប់ខួប១ឆ្នាំ បងប្រុសរបស់លោកហើយ គ្រួសារបស់លោក បានជំពាក់ថ្លៃបបរ និងចំណាយ ផ្សេងៗរហូតដល់ទៅ ៧,៨០០ដុល្លារ។ លោក កែម រិទ្ធិសិទ្ធ ជួសមុខឲ្យក្រុមគ្រួសារ បានអំពាវនាវដល់សប្បុរសជន និងអ្នកស្រឡាញ់ គោរពលោក កែម ឡី ចូលរួមបរិច្ចាគថវិកាតាមសទ្ធា ដើម្បីទូទាត់ថ្លៃចំណាយផ្សេងៗ ដែលក្រុមគ្រួសារលោកកំពុងជំពាក់គេនេះ ព្រោះពេលបច្ចុប្បន្នក្រុមគ្រួសាររបស់លោកក៏មិនសូវ ជាធូរធាទេ។
ដោយមើលឃើញពីកង្វះខាតនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលកន្លងមក ធ្លាប់ទទួលរងថ្មបាក់ដោយការស្លាប់ របស់ លោក កែម ឡីនេះ បានចូលបុណ្យជាថវិកាចំនួន១ម៉ឺនដុល្លារ សម្រាប់បុណ្យគម្រប់ខួប១ឆ្នាំ នៃមរណភាពរបស់លោកបណ្ឌិត កែម ឡី ដើម្បីទូទាត់សងថ្លៃចំណាយ ផ្សេងៗ។
ការចូលបុណ្យរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News យកទៅ ប្រគល់ដល់ដៃ ដោយផ្ទាល់ជូន លោក កែម រិទ្ធិសិទ្ធ នៅក្នុងភោជនីយដ្ឋានមួយកន្លែងក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧៕