(ម៉ាឡេស៊ី)៖ តបតាមការអញ្ជើញរបស់ អគ្គនាយកដ្ឋានអភិវឌ្ឍន៍ឥស្លាមម៉ាឡេស៊ី (JAKIM) លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូកម្ពុជា៦រូប ចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាល រចនាបទឥស្លាមបែបទំនើប នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ ឥស្លាមម៉ាឡេស៊ី នៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោក Dato’ Sri Mohd Najib Tun Razak នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងលោកស្រី។
អគាររដ្ឋបាលរចនាបទឥស្លាមបែបទំនើប ដែលទទួលបានចំណាត់ថ្នាក់ល្អស្អាតជាងគេ ប្រចាំអាស៊ីនៅឆ្នាំ២០១៧នេះ ដែលបានសាងសង់ ឡើងក្នុងខែតុលា ២០១១ លើផ្ទៃដី២ហិកតា ស្ថិតនៅក្នុងទីតាំងយុទ្ធសាស្រ្តប្រកប ដោយសុខដុមរមនីយកម្ម សន្តិភាព ស្ថិរភាពគ្របដោយ ធម្មជាតិបៃតងខៀវខ្ចី រួមជាមួយបរិយាកាសល្អ មានទន្លេជាប់នៅខាងក្រោយ និងបច្ចេកវិជ្ជាទំនើប ដើម្បីប្រមូលផ្តុំ១៥ស្ថាប័ន និងមូលនិធិនៅក្នុងដំបូលអគារតែមួយ ក្នុងកិច្ចសហប្រតិបត្តិការរួមគ្នា បែងចែកជា៤អគារ ដើម្បីប្រែក្លាយជាតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេសមួយ ចំណុះឲ្យទីស្តីការគណៈរដ្ឋមន្រ្តីម៉ាឡេស៊ី គ្រប់គ្រងដោយ លោក Dato’ Sri Jamil Khir Haji Baharom រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្រ្តី ម៉ាឡេស៊ី ទទួលបន្ទុកកិច្ចការសាសនា សម្រាប់បម្រើផលប្រយោជន៍ជាតិ និងសាសនា។
ក្នុងពិធីសម្ពោធ និងពិសាអាហារសាមគ្គីរួមតុជាមួយគ្នា នាយករដ្ឋមន្រ្តីម៉ាឡេស៊ី សប្បាយរីករាយ និងថ្លែងអំណរគុណចំពោះការអញ្ជើញ ចូលរួម ជាកិត្តិយសពីគណៈប្រតិភូកម្ពុជា ដែលបង្ហាញពីការគំាទ្រគោរពស្រលាញ់រាប់អាន។
ឧកញ៉ា អូស្មាន ហាស្សាន់ ក៏បានជម្រាបនូវស្ថានភាពនយោបាយ សេដ្ឋកិច្ច និងកិច្ចការសង្គម ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលធ្វើឲ្យប្រទេសមានសុខសន្តិភាព ស្ថេរភាព គ្មានការរើសអើង និងការអភិវឌ្ឍយ៉ាងឆាប់រហ័សជា បន្តបន្ទាប់ហើយបានថ្លែងអំណរអរគុណ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី រួមនឹងស្ថាប័ន និងមូលនិធិ១៥ខាងលើ ដែលតែងតែផ្តល់ និងបន្តសហប្រតិបត្តិការលើការងារមនុស្សធម៌ជាច្រើន។
ការងារមនុស្សធម៌ទាំងនោះរួមមាន ជួយសាងសង់វិហារឥស្លាម សូរ៉ាវ សាលារៀន ផ្តល់អាហារូបករណ៍ដល់សិស្ស និសិ្សតកម្មវិធីវគ្គ បណ្តុះបណ្តាលនានា ផ្តល់ប្រាក់ឧបត្ថម្ភកុមារកំព្រា ចាស់ជរា និងជំនួយសង្គ្រោះបន្ទាន់ ក្នុងឧបទ្ទវហេតុភ្លើងឆេះផ្ទះ និងគ្រោះធម្មជាតិ ជាដើម។
ជាពិសេសលោករដ្ឋមន្រ្តីប្រតិភូ បានស្នើសុំឲ្យខាងជំនាញហាឡាលម៉ាឡេស៊ី ជួយពន្លឿន រៀបចំឯកសារ លិខិតបទដ្ឋាន និងកិច្ចការពាក់ព័ន្ធផ្សេងៗ សម្រាប់ដំណើរការហាឡាលកម្ពុជា៕