(ភ្នំពេញ)៖ ស្រ្ដី និងកុមារដែលធ្វើការនៅតាមបណ្ដា រោងចក្រកាត់ដេរនៅក្នុងប្រទេសកម្ពុជា នឹងទទួលបានសេវាថែទាំសុខភាព ពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) តាមរយៈការគាំទ្រនូវគម្រោងគម្រោងផ្ដល់សេវាថែទាំសុខភាពសម្រាប់កុមារ និងស្រ្ដីកម្មការីនី នៅតាមរោងចក្រនេះ ដែលមានទឹកប្រាក់ជិត៤០ម៉ឺនដុល្លារ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូបារាំងប្រចាំកម្ពុជា ។
គម្រោងផ្ដល់សេវាថែទាំសុខភាពសម្រាប់កុមារ និងស្រ្ដីកម្មការីនីនៅតាមរោងចក្រនេះ ត្រូវបានទីភ្នាកងារអភិវឌ្ឍន៍បារាំង (AFD) បានចុះហត្ថលេខាលើអនុសញ្ញា នៃការផ្តល់ហិរញ្ញប្បទានចំនួន ៣៣០,០០០ អឺរ៉ូ ស្មើនឹងប្រហែល៣៨ម៉ឺដុល្លារ ជាមួយអង្គការពិភពកុមារនិងអភិវឌ្ឍន៍ Planète Enfants et Développement (PE&D) ដើម្បីដាក់ឱ្យដំណើរការគម្រោងសេវាសុខភាព និងការថែទាំកុមារសម្រាប់កម្មការិនីរោងចក្រកាត់ដេរ នៅកម្ពុជា។
លោក Philippe STEINMETS នាយកទីភ្នាក់ងារ AFD ប្រចាំកម្ពុជា និងលោកស្រី Nathalie DUPONT ប្រធានអង្គការ PE&D បានចុះហត្ថលេខាលើអនុសញ្ញាខាងលើ ដោយមានការចូលរួមពីលោកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva NGUYEN BINH) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា ព្រមទាំងតំណាងក្រសួងដៃគូ និងអង្គការសង្គមស៊ីវិលនានាផងដែរ។
គម្រោងនេះនឹងត្រូវអនុវត្តសាកល្បង នៅតាមរោងចក្រចំនួន១២នៅក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ដោយក្រុមការងាររបស់អង្គការ PE&D សហការជាមួយនឹងអង្គការគ្រួសារយើង។ គម្រោងនេះបានផ្ដល់ប្រយោជន៍ ដល់កុមារអាយុចាប់ពី០ដល់៣ឆ្នាំចំនួន១៤០នាក់ ព្រមទាំងកម្មករ-កម្មការិនី ចំនួន១២០០នាក់ ជាមួយគ្នានោះក៏មានបុគ្គលិកប្រមាណ៥០នាក់នឹងទទួលបានការបណ្ដុះបណ្ដាល ពីការថែទាំសុខភាព និងការមើលថែកុមារនៅក្នុងរោងចក្រ។
គម្រោងថ្មីរបស់អង្គការ PE&D និង ទីភ្នាក់ងារបារាំង នេះកើតចេញពីគំនិតផ្តួចផ្តើមបច្ចុប្បន្នរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចង់
ដាក់ឱ្យដំណើរការសេវាសង្គមកិច្ចនៅតាមរោងចក្រ។ គម្រោងនេះមានគោលដៅបង្កើតឱ្យមានសេវាថែទាំសុខភាពបន្តពូជនិងសុខភាព មាតា(គិលានដ្ឋាន) និងកន្លែងមើលថែកុមារ(ទារកដ្ឋាន)នៅតាមរោងចក្រទៀតផង។
គម្រោងក៏បានផ្តោតទៅលើការវាយតម្លៃពីសារសំខាន់នៃសេវាផ្សេងៗដែលត្រូវបានផ្តល់ជូន ដើម្បីបង្ហាញដល់រាជរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន ហើយធ្វើយ៉ាងណាឱ្យសេវាទាំងនោះមានលក្ខណៈផ្លូវការ និងត្រូវបានអនុវត្តនៅទូទាំងប្រទេស។
គួរបញ្ជាក់ថា ច្បាប់ការងារតម្រូវឱ្យមានការបង្កើតគិលានដ្ឋាននៅតាមរោងចក្រដែលប្រើប្រាស់កម្មករនិយោជិតយ៉ាងតិច៥០នាក់ និងទារកដ្ឋាននៅតាមរោងចក្រដែលមានកម្មករនិយោជិតយ៉ាងតិច១០០នាក់ ប៉ុន្តែការផ្តល់សេវាថែទាំសុខភាពនិងការថែទាំកុមារកន្លងមក មិនទាន់មានប្រសិទ្ធភាព ឬនៅមានកម្រិតតិចតួចប៉ុណ្ណោះ។
ការផ្តល់ហិរញ្ញប្បទាននេះ ស្ថិតក្នុងក្របខណ្ឌនៃការជួយរបស់ទីភ្នាក់ងារ AFD ក្នុងវិស័យកាត់ដេរនៅកម្ពុជា និងការលើកស្ទួយ
ក្រុមហ៊ុនដែលមានការទទួលខុសត្រូវផ្នែកសង្គម ហើយចាប់តាំងពីឆ្នាំ១៩៩៣មក ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងបានផ្តល់ហិរញ្ញប្បទាន ដល់គម្រោងនានាក្នុងរង្វង់ទឹកប្រាក់សរុបជាង៤៣៥លានអឺរ៉ូ ក្នុងនោះ៦០លានអឺរ៉ូនៅឆ្នាំ២០១៦ដើម្បីជួយប្រទេសកម្ពុជាក្នុង
ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម៕