(សៀមរាប)៖ គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ សត្វទោចម្កុដចំនួន២គូ ដែលជាសត្វកម្រជិតផុតពូជ ត្រូវបានព្រលែងក្នុងតំបន់អង្គរ ដោយអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) និងក្រុមហ៊ុនខ្សែយោងអេកូទេសចរណ៍ (Angkor Zip line) បានបង្កើតកូន៣ក្បាលហើយ។
មន្រ្តីអាជ្ញាធរជាតិអប្សរា បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តសៀមរាបថា កាលពីខែមិថុនា ឆ្នាំ២០១៣ ក្រុមការងារបានព្រលែងទោចម្កុដ១គូដំបូង នៅតំបន់ប្រាសាទតានៃ និងមួយគូទៀតបានព្រលែង នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ នៅខ្លោងទ្វារខ្មោចខាងកើតប្រាសាទបាយ័ន ដែលបង្កើតបានកូនមួយកាលពីថ្ងៃទី២៩ ខែមិថុនា២០១៦។
ចំណែកសត្វទោចម្កុដ១គូ ដែលបានព្រលែងនៅម្តុំប្រាសាទតានៃ បានបង្កើតកូនចំនួនពីរលើកមកហើយ គឺកូនទីមួយជាកូនញី នៅអំឡុងខែកញ្ញា ឆ្នាំ២០១៥ និងកូនលើកទី២នេះ កើតនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧។
លោក Todd Anthony អគ្គនាយកក្រុមហ៊ុនខ្សែយោងអេកូទេសចរណ៍ នៅក្បែរប្រាសាទតានៃ បានឱ្យដឹងថា កូនទោចម្កុដ ដែលទើបតែកើតថ្មីៗនេះ មានសម្បុរស តែគេមិនទាន់ដឹងថាជាញី ឬឈ្មោលនៅឡើយទេ លោកបានបញ្ជាក់ថា គេអាចដឹងភេទរបស់វា បាននៅពេលដែលវាមានអាយុប្រហែល១ឆ្នាំ។
ផ្អែកតាមរបាយការណណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវដីព្រៃ និងសត្វព្រៃក្នុងឆ្នាំ២០១៦ បានឱ្យដឹងថា សត្វទោចម្កុដ ត្រូវបានចុះក្នុងបញ្ជីក្រហម របស់អង្គការអភិរក្សសត្វព្រៃពិភពលោក (IUCN) ជាប្រភេទសត្វជិតផុតពូជក្នុងពិភពលោក ហើយវត្តមានរបស់ពួកវានៅលើទឹកដីកម្ពុជា មិនដល់១ម៉ឺនក្បាលទេ ក្នុងពេលបច្ចុប្បន្ននេះ។
តាមការធ្វើជំរឿនរបស់អ្គការសត្វព្រៃកន្លងមកក្នុងរមណីយដ្ឋានអង្គរ ធ្លាប់មានសត្វព្រៃជាច្រើនប្រភេទរស់នៅដោយឡែកសត្វព្រៃប្រភេទ ទោចម្កុដនេះ ក៏ធ្លាប់មានវត្តមានក្នុងតំបន់អង្គរយើងផងដែរ ប៉ុន្តែក្នុងចន្លោះពេលនៃសង្រ្គាមស៊ីវិល មកដល់ពេលបច្ចុប្បន្ននេះ ពពួកសត្វទោចម្កុដនេះបានងាប់ផុតពូជពីព្រៃនេះទៅហើយ។
ដូចច្នេះហើយទើបនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលព្រៃឈើ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ធ្វើការសិក្សាស្រាវជា្រវលម្អិតអំពីលក្ខណៈព្រៃ ដែលមានអំណោយផលដល់ការរស់នៅរបស់ពួកសត្វទោចម្កុដ ដែលបាននាំមកព្រលែងនៅក្នុងតំបន់អង្គរនេះឡើងវិញ ដើម្បីលើកតម្លៃទេសភាពវប្បធម៌ និងធម្មជាតិ ក្នុងតំបន់អង្គរ ឲ្យកាន់តែវិសេសវិសាលថែមទៀត ជាពិសេសដើម្បីទាក់ទាញជំនួនភ្ញៀវទេសចរបានមួយកម្រិតថែមទៀតផង៕