(ភ្នំពេញ)៖ កញ្ញា ធី សុវណ្ណថា អតីតប្រធានអង្គការយុវជនដើម្បីសង្គម និងអតីតអ្នកគាំទ្រគណបក្សប្រឆាំង នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ បានប្រកាសថា កញ្ញាបានក្លាយជាសមាជិកគណបក្សប្រជាជនកម្ពុជា ជាផ្លូវការហើយ។ ជាមួយគ្នានោះប្រធានអង្គការវ័យក្មេងរូបនេះ បានថ្លែងអរគុណដល់ថ្នាក់ដឹកនាំ និងសមាជិកអ្នកគាំទ្រ គណបក្សប្រជាជន កម្ពុជាទាំងអស់ ប៉ុន្តែជាមួយនោះដែរកញ្ញាក៏សម្តែងការសុំទោសរាល់កំហុសឆ្គងកន្លងមក ដែលបានរិះគន់ខ្លាំងៗដល់ថ្នាក់ដឹកនាំកំពូលៗ របស់គណបក្សប្រជាជនកម្ពុជា។
អតីតអ្នកគាំទ្រដ៏មានប្រជាប្រិយភាពមួយរូបរបស់គណបក្សសង្រ្គោះជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះថា «លិខិតជាសេចក្តីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា នាងខ្ញុំទើបទទួលបានពីម្សិលមិញ ហើយរីករាយណាស់ខ្ញុំក្លាយជាសមាជិកគណបក្ស ប្រជាជនកម្ពុជាជាផ្លូវការ អរគុណថ្នាក់ដឹកនាំ សមាជិក អ្នកគាំទ្រ CPP ទាំងអស់ និងសុំទោសរាល់កំហុសឆ្គងកន្លងមក..»៕