(ព្រះវិហារ)៖ ផ្លូវក្រាលគ្រួសក្រហម ប្រវែង១៧គីឡូម៉ែត្រ ដែលជាផ្លូវយុទ្ធសាស្ត្រក្រវ៉ាត់ព្រំដែនជាប់ប្រទេសថៃ ត្រូវបានធ្វើការជួសជុលឡើងវិញ ចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ដោយមានការណែនាំពីលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បន្ទាប់ពីផ្លូវនេះបានរងការខូចខាត ដោយសារភ្លៀងធ្លាក់ខ្លាំងនៅរដូវវស្សា។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងប្រាប់នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះថា ដោយអនុវត្តន៍តាមណែនាំរបស់ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចការណែនាំរបស់ លោក អ៊ុន ចាន់ដា ក្រោយមកមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានធ្វើការជួសជុល និងស្តារឡើងវិញនូវផ្លូវក្រាលគ្រួសក្រហមមួយខ្សែ ដែលជាផ្លូវយុទ្ធសាស្ត្រក្រវ៉ាត់ព្រំដែន ជាផ្លូវបម្រើដល់វិស័យការពារជាតិដ៏សំខាន់ ចាប់ពីចំណុចជើងភ្នំទ្រព្យ ចាប់ពីគីឡូម៉ែត្រ០០+០០០ ទៅដល់ភូមិអង្រ្កងគីឡូម៉ែត្រ១៧+០០ មានប្រវែង១៧គីឡូម៉ែត្រ ត្រូវបានចាក់ដីកៀរសម្រួល ដើម្បីងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូន ប្រជាពលរដ្ឋ និងកងកម្លាំងឈរជើងការពារព្រំដែនផងដែរ។
ប្រធានមន្ទីរសាធារណការរូបនេះ បញ្ជាក់ថា ផ្លូវនេះមានសារសំខាន់ណាស់ ជាផ្លូវបម្រើដល់វិសយ័ការពារជាតិ និងបម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយផ្លូវនេះជាផ្លូវយុទ្ធសាស្ត្រជាប់ព្រំដែន កម្ពុជា-ថៃ និងបានតភ្ជាប់ពីតំបន់វាលឥន្រ្ទីយ៍ ច្រកចាក់ច្រេង និងច្រកតាស៊ឹមផងដែរ។
លោកបន្តទៀតថា ឈរលើការទទួលខុសត្រូវ និងអនុវត្តន៍តួនាទីភារកិច្ច មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានធ្វើការថែទាំ និងជួសជុលផ្លូវទូទាំងខេត្តបានសម្រេចស្ទើរ១០០ភាគរយ៕