(បាត់ដំបង)៖ តាម Facebook របស់កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ចៅសង្កាត់អូរចារ ក្រុង-ខេត្តបាត់ដំបង មកពីគណបក្សសង្គ្រោះជាតិ បានបង្ហោះរូបភាព ពិសេសនាងបាន Live ផ្ទាល់បង្ហាញសកម្មភាពយ៉ាងរស់រវើក កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ គ្រាដែលនាងចូលរួមប្រគេនទៀនវស្សាក្នុងវត្តទួលដូនប៉ុក ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាមួយតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា គឺលោក ស សុខានោះ ត្រូវបានអ្នកលេងបណ្តាញសង្គមមួយនេះ ចេញមកសាទរ និងកោតសរសើរចំពោះសកម្មភាពខាងលើ និងចង់ឲ្យមានរូបភាពបែបនេះតទៅទៀត ក្នុងនាមជាខ្មែរដូចគ្នា បើទោះពីមកពីគណបក្សនយោបាយណាក៏ដោយនោះ។
ចំណែកឯ Facebook របស់លោក ស សុខា តំណាងរាស្រ្តវ័យក្មេងរបស់បក្សកាន់អំណាច ក៏បានបង្ហោះសកម្មភាពប្រគេនទៀនវស្សា ដែលមានរូបភាព និងខ្លឹមសារប្រាប់ពី អត្តសញ្ញាណ កញ្ញាចៅសង្កាត់អូរចាររូបនេះផងដែរ។
បន្ទាប់ពីមានការបង្ហោះនៅលើបណ្តាញសង្គមរបស់អ្នកទាំង២នេះ គេសង្កេតឃើញថា មានប្រជាពលរដ្ឋជាច្រើននាក់ ដែលបានលេង Facebook បានចូលទៅបញ្ចេញមតិ ដោយខ្លឹមសាររួម គឺសំដែងការសាទរ និងគាំទ្រចំពោះវត្តមានរួមគ្នានេះ។
ពួកគេថា «គប្បីបែងចែកឲ្យដាច់រវាងនយោបាយ និងការចូលរួមអភិវឌ្ឍសង្គម»។ ខ្លះទៀតលើកឡើងថា «កុំលាបពណ៌គ្នា កុំបញ្ឆេះកំហឹងដាក់គ្នា ដែលនាំឲ្យជាតិបាក់បែក បើយើងមិនប្រយ័ត្ន នឹងបាត់បង់ប្រទេសជាតិពូជសាសន៍ខ្លួនឯង ដោយការប្រកាន់និន្នាការនយោបាយស៊ីសាច់ហុតឈាមគ្នា»។
ពលរដ្ឋខ្លះទៀត បានសំដែងការគាំទ្រទង្វើទាំងឡាយណា ដែលនាំឲ្យខ្មែរសាមគ្គីគ្នា។ សកម្មជនហ្វេសបុកម្នាក់ទៀតសរសេរថា «ពិតជាគំរូដ៏ល្អគួរឲ្យគោរព និងបានបង្ហាញថា អ្នកណា ក្រុមណា បក្សណា ក៏អាចនៅជាមួយបក្សប្រជាជនបានដែរ»។
ជាមួយគ្នានេះលោក ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុប្រធាន សសយក បានសំដែងការរីករាយសាទរ បើទោះជាមានមតិតិចតួច ហាក់គិតមិនល្អចំពោះចៅសង្កាត់អូរចារ មកពីខាងគណបក្សសង្គ្រោះជាតិ។
លោកថ្លែងថា «វត្តមានរបស់កញ្ញាចៅសង្កាត់អូរចារ និងក្រុមការងារ ដែលទុកបក្សខ្លួនមួយឡែក គឺជាការងាកមករួមគ្នាធ្វើសកម្មភាពអភិវឌ្ឍសង្គមជាតិជាខ្មែរតែមួយ។ រឿងជាតិធំជាងរឿងបក្ស មានតែការរួមគ្នាធ្វើទេទើបជាតិដើរទៅមុខ។ មានតែការជួបគ្នាទេ ទើបអាចដោះស្រាយបញ្ហាគ្រប់យ៉ាងបាន ដើម្បីប្រជាជន និងប្រយោជន៍ជាតិ»៕