(ភ្នំពេញ)៖ លោក ជា សុខចាន់ដេត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ បានសម្រេចចេញដីការបង្គាប់ឲ្យឃុំខ្លួនយុវជនម្នាក់ ដែលត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ ឃាត់ខ្លួន និងបញ្ជូនទៅកាន់សាលាដំបូង កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ដោយជាប់ចោទពីបទគំរាម
កំហែងហែកកេរ្តិ៍ (គំរាមទារប្រាក់ចំនួន៥០០ដុល្លារ ពីនារីរងគ្រោះជាថ្នូរមិនបង្ហោះរូបភាពអាក្រាតកាយ) ដាក់ពន្ធនាគារជាបណ្តោះអាសន្ន បន្ទាប់ពីតំណាងអយ្យការធ្វើការ ចោទប្រកាន់។

យុវជនរូបនោះ ឈ្មោះ ម៉ម ភ័ក្រ្តា ហៅភ័ក្រ អាយុ២១ឆ្នាំ មានទីលំនៅភូមិប្រផុង ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត មុខរបរនៅផ្ទះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមពាក្យបណ្តឹង របស់គ្រួសារនារីរងគ្រោះ។

ពាក្យបណ្តឹងនោះបានបញ្ជាក់ថា កាលពីថ្ងៃមិនចាំ ខែមិនា​ ឆ្នាំ២០១៧ ជនរងគ្រោះអាយុ២០ឆ្នាំ បានស្គាល់ឈ្មោះ ម៉ម ភ័ក្រ្តា តាមរយៈការលេង Facebook ហើយក៏បានស្រឡាញ់គ្នាធ្វើជាសង្សារ និងមានការណាត់គ្នាទៅរួមភេទនៅផ្ទះសំណាក់យីហោ «បឹងឈូក» ក្នុងស្រុកកំពង់ត្រាចជាច្រើនលើក។ បន្ទាប់ពីមានការរួមភេទជាច្រើនដងរួចមក និងចុងក្រោយនេះឈ្មោះ ម៉ម ភ័ក្រ្តា គេតែងតែគំរាមជនរងគ្រោះឲ្យធ្វើអ្វីដែលគេចង់បាន តែបើមិនព្រមទេគេ និងគំរាមបង្ហោះរូបភាពអាក្រាតកាយទាំងពីរនាក់ ដែលគេលួចថតនៅពេលរួមរ័ក្សក្នុងផ្ទះសំណាក់ជាមួយគ្នានោះ។

នៅថ្ងៃខែដដែលឈ្មោះ ម៉ម ភ័ក្រ្តា បានទូស័ព្ទទៅជនរងគ្រោះ ដោយនិយាយទារប្រាក់ចំនួន៣០ម៉ឺនរៀល បើមិនឲ្យទេគេនឹងបង្ហោះរូបភាព អាក្រាតកាយនោះ។ ដោយមិនចង់ឲ្យមានរឿងវែងឆ្ងាយ និងបែកធ្លាយរឿងអាស្រូវនោះ ជនរងគ្រោះសុខចិត្តវេលុយតាមវីងឲ្យទៅឈ្មោះ ម៉ម ភ័ក្រ្តា ចំនួន២០ម៉ឺនរៀលទៅ ក្រោយមកបាន
វេរប្រាក់១០ម៉ឺនរៀលថែមទៀត។

បន្ទាប់មក នៅក្នុងខែមិនាដដែល ឈ្មោះ ម៉ម ភ័ក្រ្តា បានទូរស័ព្ទឲ្យជនរងគ្រោះ ទៅជួបនៅរោងចក្រស៊ីម៉ង់ខេស៊ីមេន ខេត្តកំពត ដើម្បីសុំបែកផ្លូវ និងឈប់ឲ្យមានការទាក់ទងគ្នាពេលនោះឈ្មោះ ម៉ម ភ័ក្រ្តា នៅតែគំរាមជនរងគ្រោះ បើនាងមិនព្រមធ្វើតាមគេទេ។

ជនរងគ្រោះ ក៏បានវិលត្រឡប់មកភ្នំពេញវិញ ទាំងក្តីឈឺចាប់បំផុត នូវទង្វើរបស់មនុស្សប្រុសម្នាក់ ដែលបានធ្វើមកលើនាងមិនខុសពាក្យថា «ប្រាក់ក៏បង់ថង់ក៏ដាច» ឈឺចាប់ដែលខ្លួនជា មនុស្សស្រីម្នាក់ខំស្រឡាញ់មនុស្សប្រុសប្តូរផ្តាច់ រហូតប្រគល់ខ្លួនប្រាណលាក់បាំងពីឪពុកម្តាយ និងញាតិមិត្តជិតខាង ដោយគិតថា គេជាមនុស្សប្រុសស្មោះត្រង់ តែទីបំផុតជាផ្លែល្វា ជាប្រុសព្រាន បានប្រាណហើយដោះដៃ មិនតែប៉ុណ្ណោះថែមទាំងគំរាមកំហែងគ្រប់បែបយ៉ាង។

ចុងក្រោយឈ្មោះ ម៉ម ភ័ក្រ្តា បានគំរាមទារប្រាក់ពីជនរងគ្រោះចំនួន៥០០ដុល្លារអាមេរិក និងបានកំណត់ត្រឹម៥ថ្ងៃបើមិនបានប្រាក់ គេនឹងមិនលើកលែងទៀតទេ ដាច់ខាតត្រូវតែបង្ហោះរូបភាពវីដេអូអាក្រាតកាយនោះ។ ពេលឈ្មោះ ម៉ម ភ័ក្រ្តា បានគំរាមច្រើនលើកដូច្នេះ ជនរងគ្រោះដាច់ចិត្តទៅដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ច ដើម្បីឲ្យជួយចាត់ការលើប្រុសព្រានម្នាក់នេះ បានជានៅថ្ងៃទី១៥ ខែកក្កដា សមត្ថកិច្ចបានរៀបអន្ទាក់ចាំចាប់ជនសង្ស័យនៅពេលទៅទទួលយកប្រាក់។

ចម្លើយឈ្មោះ ម៉ម ភ័ក្រ្តា ដែលជាជនត្រូវចោទឆ្លើយសារភាពនៅសមត្ថកិច្ចប្រហាក់ប្រហែល និងពាក្យបណ្តឹងជនរងគ្រោះដែរ ព្រមទាំងបានទទួលស្គាល់ការពិតដូចអ្វីដែលខ្លួនបានធ្វើ។ ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ និងជនរងគ្រោះបានសម្រុះសម្រួលគ្នា ព្រមព្រៀងបញ្ចប់វិវាទរឿងអាក្រក់កន្លងមករួចទៅហើយ និងមានសំណងជម្ងឺចិត្តផងដែរ។

ប៉ុន្តែយុវជនរូបនេះនៅជាប់បណ្តឹងអាជ្ញាមួយទៀត រហូតត្រូវបានតំណាងអយ្យការកោះហៅ និងធ្វើការចោទប្រកាន់ ហើយឃុំខ្លួនដាក់ពន្ធនាគារ៕