(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា បានបន្តដឹកនាំមន្រ្តីក្រោមឱវាទចុះទៅសួរសុខទុក្ខ និងថ្លែងអំណរគុណប្រជាពលរដ្ឋ នៅតាមមូលដ្ឋានសង្កាត់ដង្កោ ដែលបានគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតបានកើនឡើងសម្លេងយ៉ាងច្រើន គឺជិត១ម៉ឺនសម្លេងឯណោះ សម្រាប់ការបោះឆ្នោតលើកនេះ។
លោក នុត ពុធដារ៉ា បានថ្លែងថា សម្រាប់ខណ្ឌដង្កោនាការបោះឆ្នោតលើកនេះ គណបក្សប្រជាជនកម្ពុជា ទទួលបានជិត៣ម៉ឺនសម្លេង ពោលមានការកើនឡើងជិត១ម៉ឺន សម្លេងឯណោះ បើប្រៀបធៀបការបោះឆ្នោតកាលពីឆ្នាំ២០១៣កន្លងទៅ។
ក្រៅពីការថ្លែងអំណរគុណនោះអភិបាលខណ្ឌ បានសំណេះសំណាលសាកសួរសុខទុក្ខ ស្វែងយល់អំពីតម្រូវការកង្វល់ និងបញ្ហានានារបស់ប្រជាពលរដ្ឋ បន្ថែមទៀត ដើម្បីត្រៀមដោះស្រាយនាពេលខាងមុខកាន់តែប្រសើរឡើង។
នៅចំពោះមុខប្រជាពលរដ្ឋទាំងនោះលោក នុត ពុធដារ៉ា បានផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូពីការរស់នៅប្រចាំរបស់បងប្អូន៕