(ភ្នំពេញ)៖ ក្រោយទទួលបានការអនុញាតិពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ លោក ស្មាស រិទ្ធី ប្រធានការិយាល័យអន្តរវិស័យខណ្ឌ បានចុះទៅត្រួតពិនិត្យជាបន្ទាន់ភ្លាមៗ និងសម្រេចអនុវត្តធ្វើការផ្អាកជាបណ្ដោះអាសន្នសិន ចំពោះការដ្ឋានមួយកន្លែងរបស់ឈ្មួញដ៏ធំ២នាក់ឈ្មោះ ឆាយ សេងអៀង និងឈ្មោះ ង៉ោ ងួនធាវី ដែលនិងកំពុងបញ្ជារថយន្ដ ចាក់ដី និងប្រើប្រាស់គ្រឿងចក្រឈូសឆាយលើដីរបស់ខ្លួនយ៉ាងគគ្លើន ទាំងគ្មានសុំច្បាប់ទម្លាប់ឲ្យ បានត្រឹមត្រូវជាមុនសិនពីអាជ្ញាធរមូលដ្ឋានឡើយ។
ការចុះផ្អាកការដ្ឋាន ដែលប្រើប្រាស់គ្រឿងចក្រឈូសឆាយ ចាក់ដីរបស់ឈ្មួញដ៏មានឥទ្ធិពលទាំង២នាក់ ទាំងគ្មានច្បាប់ទម្លាប់ខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ដែលមានទីតាំងនៅត្រង់ចំណុចខាងក្រោយ ឈាងខាងជើង «បុរីខាមកូស៊ីធី» ស្ថិតក្នុងភូមិកោះអណ្ដែត សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ដោយមានការចូលរួមពីមន្ត្រីសាលាខណ្ឌលោក ទ្រី គាងហុង លោក តាន់ សុភ័ក្ត្រ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌផងដែរ។
លោក ស្មាស រិទ្ធី បានប្រាប់ភ្នាក់ងារ Fresh News ថា «បន្ទាប់ពីទទួលបានផែនការភ្លាមៗពីលោក ជា ពិសី ដើម្បីឲ្យកម្លាំងជំនាញ ធ្វើយ៉ាងណា ត្រូវសហការចុះត្រួតពិនិត្យ ជាបន្ទាន់ ទៅលើការដ្ឋានមួយកន្លែងខាងលើ ដែលកំពុងបញ្ជារថយន្ដចាក់ដី និងប្រើប្រាស់គ្រឿងចក្រឈូសឆាយ ដោយពុំទាន់ឃើញសុំច្បាប់អនុញាតិ ពីសាលាខណ្ឌឫស្សីកែវឡើយ រហូតឈានទៅដល់ធ្វើការផ្អាកជាបណ្ដោះអាសន្នសិន។ ចំពោះការដ្ឋាននេះយើងតម្រូវឲ្យលោក ឆាយ សេងអៀង និងលោក ង៉ោ ងួនធាវី ដែលអះអាងថា ជាម្ចាស់ដីស្របច្បាប់ ត្រូវយកឯកសារពាក់ព័ន្ធក្បាលដីទាំងឡាយមកបង្ហាញ ហើយចាំបាច់ ត្រូវស្នើសុំច្បាប់ទម្លាប់ឲ្យបានត្រឹមត្រូវជាមុនសិន មុននិងបញ្ជារថយន្ដចាក់បំពេញដី និងប្រើប្រាស់គ្រឿងចក្រឈូសឆាយលើដីរបស់ខ្លួន»៕