(ភ្នំពេញ)៖ ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ លោក ចាន់ គឹមសេង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា លោកបានបញ្ជាឲ្យបើកស៊ើបអង្កេតមួយជាបន្ទាន់ដើម្បីរកខុសត្រូវលើបញ្ហា បែកធ្លាយរឿងពុករលួយនៅពន្ធនាគារខេត្ដព្រៃវែង ដែលទណ្ឌិតអាចប្រើប្រាស់កុំព្យូទ័រ និង Smart Phone លេង Facebook រហូតបោកបញ្ឆោតនារីៗដើម្បីថតរូបអាក្រាតកាយ និងជំរិតទារប្រាក់ខ្ទង់ពាន់ដុល្លារ។
អគ្គនាយកពន្ធនាគាររូបនេះ បន្ថែមថា ប្រសិនបើការស៊ើបអង្កេតមួយនោះរកឃើញថា អនុប្រធានពន្ធនាគារ និងមន្ដ្រីអនុរក្សផ្សេងទៀត ដែលជាប់ពាក់ព័ន្ធរឿងពុករលួយ លោកនឹងចាត់វិធានការតាមច្បាប់ភ្លាមៗ មិនអាចលើកលែងទោសឲ្យឡើយ។
លោកក៏បានឲ្យដឹងដែរថា នៅវេលាម៉ោង៩ព្រឹកនេះ ទណ្ឌិតម្នាក់ដែលជាប់ពាក់ព័ន្ធករណីនេះ ត្រូវបានបញ្ជូនទៅពន្ធនាគារព្រៃស (ម១) ដើម្បីធ្វើការសួរនាំថា តើមន្ដ្រីពន្ធនាគារណាដែលពាក់ព័ន្ធ។ ប៉ុន្ដែយ៉ាងណាក៏ដោយ លោកទទួលស្គាល់ថា មន្ដ្រីពន្ធនាគារនៅខេត្តព្រៃវែង ហាក់មានការធូររលុងដោយសារតែ ហើយការធូររលុងនេះព្រោះតែ ក្រសួងមហាផ្ទៃមានគោលការណ៍មួយ គឺបង្រៀនកុំព្យូទ័រដល់អ្នកជាប់ឃុំទាំងអស់ ប៉ុន្ដែក្រោយបង្រៀនហើយ កុំព្យូទ័រទាំងនោះត្រូវប្រមូលទុកវិញ ដោយឡែកនៅពន្ធនាគារខេត្តព្រៃវែង បែរជាបណ្ដោយឲ្យអ្នកទោសអាចប្រាស់តាមចិត្តតែម្ដង។
យ៉ាងណាមិញ អគ្គនាយកពន្ធនាគារ លោក ចាន់ គឹមសេង បានសង្កត់ធ្ងន់ថា មន្ដ្រីពន្ធនាគារគឺមាន វិន័យ និងក្រមសីលធម៌របស់ខ្លួនត្រឹមត្រូវ ហើយប្រសិនបើរកឃើញថាបានប្រព្រឹត្តខុសទៅនឹងច្បាប់ដូចការលើកឡើងមែននោះ លោកមិនបណ្ដោយឲ្យរួចខ្លួននោះទេ ប៉ុន្ដែដំណាក់កាលនេះជាការស៊ើបអង្កេត ដោយហៅអនុប្រធានពន្ធនាគារ និងទណ្ឌិតនោះមកសួរនាំបន្ដទៀត។
សូមជម្រាបថា ការបង្ក្រាបករណីទណ្ឌិតប្រព្រឹត្តបទល្មើស នៅក្នុងពន្ធនាគារខាងលើនេះ បានកើតឡើងបន្ទាប់ពីស្ដ្រីម្នាក់ អាយុប្រមាណ៤៥ឆ្នាំរស់នៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ បានប្ដឹងទៅកាន់ស្នងការនគរបាល ខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បន្ទាប់ពីទណ្ឌិតរូបនេះបានប្រើ Facebook លួងលោមគាត់ រហូតលង់ខ្លួនថតរូបអាក្រាតកាយ ផ្ញើទៅកាន់ជនដៃដល់ធ្វើឲ្យរូបគេយកទៅគំរាមបង្ហោះជាសាធារណៈដោយទាមទារលុយម្ដង៣,០០០ដុល្លារ និងម្ដង៥,០០០ដុល្លារ។
លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ក្រោយពីទទួលបានពាក្យបណ្ដឹងនារីរងគ្រោះរួចមក ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអម សាលាដំបូងខេត្តកណ្ដាល បានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ក៏ឈានទៅដល់ការបំបែកសំណុំរឿងនេះ ដោយកំណត់មុខសញ្ញា គឺជាទណ្ឌិតម្នាក់ឈ្មោះ យ៉ែម ប្រុស កំពុងជាប់ពន្ធនាគារ នៅខេត្តព្រៃវែង ពាក់ព័ន្ធនឹងបទល្មើសប្លន់ ចំនួន៨លើកមានទោសចំនួន១០ឆ្នាំ។
បើតាមលោកស្នងការ បានឲ្យដឹងថា ទណ្ឌិតរូបនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួន តាំងពីឆ្នាំ២០១០មកម្ល៉េះ ពាក់ព័ន្ធករណីប្លន់៧លើក នៅខេត្តកំពត និងមួយលើកនៅខេត្តតាកែវ ហើយត្រូវបានតុលាការខេត្តកំពត សម្រេចដាក់ពន្ធនាគារ១០ឆ្នាំ ប៉ុន្ដែក្រោយជាប់ពន្ធនាគារបានជាង១ឆ្នាំ ទណ្ឌិតរូបនេះ បានរត់ការផ្ទេរមកកាន់ពន្ធនាគារខេត្តព្រៃវែង ហើយឃំុឃិតជាមួយអនុប្រធានពន្ធនាគារម្នាក់ឈ្មោះ អ៊ុ រ៉ាយឿង រហូតរូបគេអាចមានកុំព្យូទ័រឡេបថបមួយគ្រឿង និងទូរស័ព្ទ៣គ្រឿង ប្រើលេខ៤ខ្សែ ដើម្បីបោកបញ្ឆោត នារីរងគ្រោះតាម Facebook និងតាមកម្មវិធីផ្ញើសារ Line ទៀតផង។ ពេលខ្លះទណ្ឌិតរូបនេះ អាចចេញពីពន្ធនាគារ ទៅខាងក្រៅដោយសារតែមានដៃជើងរបស់ខ្លួន ជាអនុប្រធានពន្ធនាគារ និងមន្ដ្រីពន្ធនាគារផង៕