(ភ្នំពេញ)៖ នៅលើបណ្តាញសង្គម Facebook នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ចាប់តាំងពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៤មក ចំនួនប្រជាពលរដ្ឋដែលបានចូលជាសមាជិកគណបក្សប្រជាជន ក៏មានសន្ទុះកើនឡើងយ៉ាងខ្លាំងទាំងនៅក្នុង និងក្រៅប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ចាប់តាំងពីពេលបោះឆ្នោតឃុំសង្កាត់មកទល់ពេលនេះ ចំនួនប្រជាពលរដ្ឋដែលបានចូលជាសមាជិកគណបក្សប្រជាជន ក៏មានសន្ទុះកើនឡើងយ៉ាងខ្លាំងទាំងនៅក្នុងនិងក្រៅប្រទេស។ នេះគឺបង្ហាញឲ្យឃើញកាន់តែច្បាស់ថា គណបក្សប្រជាជននឹងទទួលជ័យជំនះនៅក្នុងការបោឆ្នោតឆ្នាំ ២០១៨ ជាបន្តទៀត»។
សម្តេចតេជោ ហ៊ុន សែន បានបន្តពន្យល់ថា កត្តាដែលធ្វើឲ្យចំនួនសមាជិកគណបក្សប្រជាជនកម្ពុជា កើនឡើងខ្លាំងនេះ ដោយសារតែប្រជាពលរដ្ឋ បានដឹងអំពីតម្លៃនៃសន្តិភាព ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុន សែន។ សម្តេចបានលើកឡើងថា «មានសន្តិភាពយូរអង្វែង មានការរីកចម្រើនយូរអង្វែង» ហើយបន្តថ្លែងថា សន្តិភាព បានផ្តល់ឱកាសឲ្យយើងកសាងប្រទេសជាតិ បានលឿនឆ្ពោះទៅមុខ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «សព្វថ្ងៃនេះអ្នកវិនិយោគទុនជាតិ និងអន្តរជាតិ មានជំនឿទុកចិត្តយ៉ាងខ្លាំង លើការដឹកនាំដ៏ត្រឹមត្រូវច្បាស់លាស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលធានាបាននូវបរិយាកាសវិនិយោគល្អជាមួយនឹងស្ថិរភាពនយោបាយ និងសន្តិសុខសង្គម មិនដូចការបំពុល និងបំផ្លើសព័ត៌មានអាក្រក់ពីក្រុមខិលខូចមួយចំនួនឡើយ។ ទន្ទឹមនឹងនេះដែរ កំណើនទេសចរ ក៏កំពុងកើនឡើងយ៉ាងខ្ពស់ ដែលយើងរំពឹងទុកថា នឹងកើនដល់៥ លាន នាក់ក្នុង១ឆ្នាំ។ ប្រជាពលរដ្ឋរីករាយសាទរដោយទទួ លបាននូវការងារសមស្រប និងមុខរបរតូចធំជាមួយប្រាក់ចំណូលសមរម្យ ដែលធ្វើឲ្យជីវភាពរស់នៅកាន់តែល្អប្រសើរឡើង»៕