(ភ្នំពេញ)៖ អង្គការស៊ីប៉ា និងក្រុមហ៊ុន Smart Axiata បានសហការគ្នា ជំរុញ និងគាំទ្រសកម្មភាពអំណាន តាមរយៈបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគន៍ (ICT) នៅតាមសហគមន៍ តាមរយៈ ការគំាទ្រកម្មវិធី និងគំនិតផ្ដួចផ្ដើមមួយចំនួន។
ការប្រកាសជាផ្លូវការ នៃកិច្ចសហការរវាងក្រុមហ៊ុនទាំងពីរនេះ បានធ្វើឡើងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ។
រដ្ឋមន្ដ្រី ហង់ ជួនណារ៉ុន បានថ្លែងថា «ខ្ញុំមានសេចក្ដីរីករាយយ៉ាងខ្លាំង ដោយក្រុមហ៊ុន Smart បន្ដការប្ដេជ្ញាចិត្ដរបស់ខ្លួន ក្នុងការគាំទ្រវិស័យអប់រំ និងអភិវឌ្ឍការអានជាមួយ អង្គការ ស៊ីប៉ា ដែលជាដៃគូសហការដ៏យូរលង់មួយ របស់ក្រសួងអប់រំ យុវជន និងកីឡា។ ក្រោយការសហការគ្នា រវាងក្រុមហ៊ុននេះកាលពីកន្លងមក ក៏បានទទួលលទ្ធផលល្អផងដែរ តាមរយៈការបំពាក់ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ដោយឲ្យរថយន្ដបណ្ណាល័យចល័ត របស់អង្គការស៊ីប៉ាចំនួន២គ្រឿង ដែលធ្វើឲ្យកុមារប្រមាណ១,០០០នាក់ ក្នុងមួយសប្ដាហ៍ មានឱកាសរីករាយជាមួយការអាន តាមរយៈ iPads តាមរយៈភ្ជាប់អ៊ីនធឺណែត ដោយក្រុមហ៊ុនSmart»។
លោក ថូម៉ាស ហ៊ុន នាយកក្រុមហ៊ុន Smart បានថ្លែងថា «ក្រុមហ៊ុនយើង ពិតជាពេញចិត្ដ នឹងការពង្រីកភាពជាដៃគូ ជាមួយអង្គការស៊ីប៉ា និងដើរតួនាទីសំខាន់ ក្នុងការលើកកម្ពស់ កម្មវិធីមួយចំនួន របស់អង្គការស៊ីប៉ា ។ដោយកន្លងមក ក្រុមហ៊ុនយើង ក៏បានសហការជាមួយស៊ីប៉ា និងទីភ្នាក់ងារបារំាង សម្រាប់ការអភិវឌ្ឍ(AFD) និងមូលធិនិ Weave our Future តាមរយៈ iPads នៅក្នុងមណ្ឌលធនធាន នៅរោងចក្រកាត់ដេរ ចំនួន១៨កន្លែង និងកម្មវិធីផ្សេងៗទៀត»។
ព្រមជាមួយគ្នានោះ លោក ហុក សុទ្ធិ ប្រធាន អង្គការស៊ីប៉ា បានលើកឡើងថា «ការវិវត្ដនៃកិច្ចសហការ ជាមួយក្រុមហ៊ុន Smart ជាកត្ដាដ៏សំខាន់ ដើម្បីបង្កើនឱកាស និងធនធានដែលភាគី ទាំងពីរមាន ក្នុងទិសដៅលើកស្ទួយវិស័យអំណាន នៅទូទាំងប្រទេស ។ ភាពជាដៃគូរវាង ក្រុមហ៊ុនយើងទាំងពីរនេះ គឺការបញ្ជូលគ្នា នូវជំនាញរបស់ស្ថាប័នយើង នាំមុខគេ នៃបច្ចេកវិទ្យាទូរគមនាគមន៍ និងសមត្ថភាពអប់រំ ដែលមានការទទួលស្គាល់ជាសកល ដែលកត្ដានេះពិតជាទាក់ទាញអារម្មណ៍របស់ប្រជាជនកម្ពុជា»។
គួររម្លឹកថា ក្រុមហ៊ុន Smart គាំទ្រដល់កម្មវិធី អង្គការស៊ីប៉ា ធំៗ ចំនួន៦ ដូចជា កម្មវិធីបណ្ណាល័យសាលារៀន, កម្មវិធីគាំទ្រសាលាគរុកោសល្យ និងវិក្រឹតការខេត្ដ បណ្ណាល័យចល័ត បណ្ណាល័យនៅតាមមន្ទីរពេទ្យ កម្មវិធីគាំទ្រ ការងារស្ម័គ្រចិត្ដ របស់យុវជន ដើម្បីអភិវឌ្ឍសហគមន៍ និងកម្មវិធីបណ្ណាល័យធនធាន នៅតាមរោងចក្រកាត់ដេរ៕