(ភ្នំពេញ)៖ វគ្គជម្រុះពានរង្វាន់ AFC U-23 Championship 2018 ពូលJ នៅលើទឹកដីកម្ពុជា នឹងចាប់ផ្ដើមការប្រកួតនាថ្ងៃទី១៩ ខែកក្កដានេះហើយ ដោយក្រុមជម្រើសជាតិក្រោមអាយុ ២៣ឆ្នាំជប៉ុន ត្រូវជួបក្រុម U-23ហ្វីលីពីន នាវេលាម៉ោង ៣៖៣០នាទីរសៀល ខណៈក្រុមម្ចាស់ផ្ទះ U-23កម្ពុជា ត្រូវប៉ះចិន នាវេលាម៉ោង ៦៖៣០នាទីល្ងាច នៅលើទីលានពហុកីឡដ្ឋានជាតិតែមួយគត់ ។ ចាំមើលតើក្រុមណាខ្លះ នឹងទទួលបាន ៣ពិន្ទុពីការប្រកួតបើកឆាកល្ងាចនេះ?
ចំពោះជំនួបរវាងក្រុម U-23កម្ពុជា និងចិន គ្រូបង្វឹកក្រុមទាំងពីរ សុទ្ធតែរំពឹងឈ្នះរៀងៗខ្លួន ។ លោក Leonardo Vitorino គ្រូបង្វឹកក្រុមម្ចាស់ផ្ទះកម្ពុជា បាននិយាយថា លោកមិនខ្វល់ចិនជាក្រុមខ្លាំង ឬយ៉ាងណាឡើង សំខាន់គឺលោកដឹកនាំក្រុមត្រូវការឈ្នះ ដូច្នេះលោកទាមទារឲ្យកូនក្រុមព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរក ៣ពិន្ទុដំបូង ។ ចំណែកគ្រូ U-23ចិន លោក Massimiliano Maddaloni បានថ្លែងថា លោកមិនមើលរំលងសមត្ថភាពលោកគ្រូ Leonardo ឡើយ ។ តែយ៉ាងណាលោកត្រូវការឈ្នះ ទោះបីប្រកួតក្នុងនាមកម្ដៅសាច់ដុំក៏ដោយ។
គួរបញ្ជាក់ថា ពូលJ នៃវគ្គជម្រុះពានរង្វាន់ជើងឯកអាស៊ីនេះ គឺមាន ៤ប្រទេសចូលរួម ដូចជាក្រុម្ចាស់ផ្ទះ U-23កម្ពុជា, ហ្វីលីពីន, ជប៉ុន និងក្រុម U-23ចិន ដែលជាម្ចាស់ផ្ទះដំណាក់កាលផ្ដាច់ព្រ័ត្រ ដែលគ្រោងធ្វើឡើង នាឆ្នាំ២០១៨ខាងមុខ៕