(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ បញ្ហាបម្រែបម្រួលអាកាសធាតុ ដែលកើតចេញពីសកម្មភាពរបស់មនុស្សមានសមត្ថភាពអាចបង្កកម្ពស់នីវ៉ូទឹកសមុទ្រកើនឡើងយ៉ាងខ្លាំងនៅក្នុងអំឡុងពេល១០០ឆ្នាំមុខ៕
២៖ រដ្ឋាភិបាលជប៉ុន បានសម្ដែងការមិនពេញចិត្តនឹងរដ្ឋាភិបាលកូរ៉េខាងត្បូង ចំពោះការដាក់សំណើរៀបចំកិច្ចប្រជុំយោធាអន្តរកូរ៉េ ជាមួយកូរ៉េខាងជើង ដោយនិយាយទៀតថានេះជាពេល ដាក់សម្ពាធ មិនមែនជាពេលត្រូវមកអង្គុយចរចាជាមួយទីក្រុងព្យុងយ៉ាងឡើយ៕
៣៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងតឹងរឹងប្រឆាំងនឹងរដ្ឋាភិបាលវេណេស៊ុយអេឡា បើសិនជាការអនុម័តលើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបង្កើតសភាធម្មនុញ្ញ កើតឡើងមែននោះ៕
៤៖ កាលពីពេលថ្មីៗនេះ ទីភ្នាក់ងារអវកាសអាមេរិក NASA បានបញ្ចេញឃ្លីបវីដេអូមួយ ដែលមើលទៅប្រៀបដូចជាពួកយើង កំពុងតែហោះហើរនៅលើផ្ទៃដីដ៏សែនត្រជាក់ របស់ភពមិនពេញលក្ខណៈ (Dwaft Planet) «ភ្លុយតូ» អ៊ីចឹងព្រោះថា វាពិតជាកៀកមែនទែន៕
៥៖ កងទ័ពចិនបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្បែរតំបន់ទីបេ ដែលនៅជាប់ព្រំប្រទល់ជាមួយប្រទេសឥណ្ឌា ស្របពេលដែលកម្លាំងយោធានៃប្រទេសទាំងពីរ នៅតែមានការប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់ជុំវិញតំបន់វិវាទ Sikkim៕
៦៖ ចិនបានថ្កោលទោសចំពោះខ្លឹមសារអវិជ្ជមាន នៅក្នុងសេចក្តីព្រាងការពារជាតិប្រចាំ ដែលទើបតែទទួលបានការអនុម័តគាំទ្រពីសភាអាមេរិក កាលពីពេលថ្មីៗនេះ ដោយសារតែវានឹងបង្កើនទំនាក់ទំនងរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកថា ត្រឹមជាខេត្តមួយនៅក្នុងទឹកដីខ្លួនតែប៉ុណ្ណោះ៕