(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចូលបុណ្យជាថវិកាចំនួន១ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់បុណ្យគម្រប់ខួប១ឆ្នាំ នៃមរណភាពរបស់លោកបណ្ឌិត កែម ឡី។ ការប្រកាសចូលបុណ្យរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីលោក កែម រិទ្ធិសិទ្ធ ប្អូនប្រុសបង្កើតរបស់ លោក កែម ឡី ប្រកាសខ្វះខាតថវិកាចំណាយថ្លៃបបរ និងចំណាយផ្សេងៗ ៧,៨០០ដុល្លារ។

ការចូលបុណ្យរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News យកទៅប្រគល់ដល់ដៃដោយផ្ទាល់ជូន លោក កែម រិទ្ធិសិទ្ធ នៅក្នុងភោជនីយដ្ឋានមួយកន្លែងក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧។

លោក កែម រិទ្ធិសិទ្ធ ប្អូនប្រុសបង្កើតរបស់លោក កែម ឡី កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ បានប្រកាសតាមអង្គភាពព័ត៌មាន Fresh News ថា ក្រោយពិធីបុណ្យសពគម្រប់ខួប១ឆ្នាំ បងប្រុសរបស់លោកហើយ គ្រួសារបស់លោកបានជំពាក់ថ្លៃបបរ និង ចំណាយផ្សេងៗរហូតដល់ទៅ ៧,៨០០ដុល្លារ។

លោក កែម រិទ្ធិសិទ្ធ ជួសមុខឲ្យក្រុមគ្រួសារ បានអំពាវនាវដល់សប្បុរសជន និងអ្នកស្រឡាញ់គោរពលោក កែម ឡី ចូលរួមបរិច្ចាគថវិកាតាមសទ្ធា ដើម្បីទូទាត់ថ្លៃចំណាយផ្សេងៗ ដែលក្រុមគ្រួសារលោកកំពុងជំពាក់គេនេះ ព្រោះពេលបច្ចុប្បន្នក្រុមគ្រួសាររបស់លោកក៏មិនសូវ ជាធូរធានោះដែរ។

ក្រោយទទួលបានការអំពាវនាវរបស់លោក កែម រិទ្ធិសិទ្ធ ភ្លាមៗ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងការអាណិតអាសូរចំពោះក្រុមគ្រួសារសពលោក កែម ឡី ហើយក៏បានប្រកាសចូលបច្ច័យជាថវិកា១ម៉ឺនដុល្លារ សម្រាប់យកទៅទូទាត់សងថ្លៃជំពាក់ការចំណាយផ្សេងៗនោះ។

តាំងពីលោក កែម ឡី ទទួលមរណភាព គេតែងបានឃើញមេដឹកនាំគណបក្សប្រឆាំងទៅចូលរួមធ្វើសកម្មភាពក្នុងពិធីបុណ្យ និងកាងយក ផលចំណេញលើសពថែមទៀតផង។ តែពេលក្រុមគ្រួសារសពរបស់លោក កែម ឡី ជួបទុក្ខលំបាកគេមិនឃើញថ្នាក់ដឹកនាំបក្សប្រឆាំង ចេញមុខជួយដោះស្រាយនោះឡើយ។

លោក កែម រិទ្ធិសិទ្ធ បានគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានចូលបច្ច័យសម្រាប់ការចំណាយផ្សេងៗ។ លោក កែម រិទ្ធិសិទ្ធ បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំមានទឹកចិត្តសណ្តោសប្រណី ទោះបីមិនបានចេញមុខដោយចំហរ តែតែងតាមដានរាល់ទុក្ខលំបាក ក្រុមគ្រួសារលោក ហើយបានចូលបច្ច័យ ដើម្បីដោះស្រាយទុក្ខលំបាកភ្លាមៗ។

សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ គឺជាខួបគម្រប់មួយឆ្នាំ នៃមរណភាពរបស់លោក កែម ឡី ដែលត្រូវបានគេបាញ់ សម្លាប់នៅក្នុងស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ ស្ថិតក្នុងខណ្ឌចំការមន។ ពិធីបុណ្យគម្រប់ខួបមួយឆ្នាំ ដែលធ្វើឡើងនៅផ្ទះកំណើតរបស់លោកក្នុងភូមិអង់តាកុក ឃុំលាចបូរ ស្រុកត្រាំកក់ ខេត្តតាកែវ គេសង្កេតឃើញមានការអញ្ជើញចូលរួមបុណ្យសពជាច្រើនផង ដែរពីថ្នាក់ដឹកនាំគណបក្សប្រឆាំង មន្រ្តីអង្គការសង្គមស៊ីវិល ព្រមទាំងប្រជាពលរដ្ឋជិតឆ្ងាយ ដែលស្រឡាញ់ និងគោរពលោក កែម ឡី៕