(ភ្នំពេញ)៖ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ បានប្រកាសបិទអាជីវកម្មដេប៉ូបូមខ្សាច់លក់មួយកន្លែង ជាបណ្ដោះអាសន្នសិន ក្រោយទទួលបានពាក្យបណ្ដឹង លើបញ្ហាប្រឈមគ្រោះថ្នាក់នាៗពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លើសពីនេះលោក ប្រាជ្ញ សីហា បានបញ្ជាក់ថា ចំពោះអាជីវកម្មដេប៉ូបូមខ្សាច់លក់ខាងលើ ត្រូវបានបិទចោលជាបណ្ដោះអាសន្ន និងមួយកន្លែងទៀត ដែលនៅក្បែរគ្នានោះ ក៏អាចប្រឈមការបិទចោលផងដែរ ប្រសិនបើប្រជាពលរដ្ឋនៅតែបន្តប្ដឹង ដោយមិនព្រមអនុវត្តន៍តាមការណែនាំរបស់អាជ្ញាធរនោះទេ។
ការប្រកាសបិទ និងព្រមានធ្ងន់ៗចំពោះអាជីវកម្មបូមខ្សាច់លក់ខាងលើនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដោយមានការឯកភាពពីលោក ជា ពិសី អភិបាលខណ្ឌ ក្រោយទទួលបានផែនការណែនាំពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងមានការចូលរួមដំណើរពីនាយករងរដ្ឋបាលខណ្ឌ លោក អ្នក បូរ ប្រធានការិយាល័យអន្តរវិស័យខណ្ឌ លោក ស្មាស រិទ្ធី ប្រធានការិយាល័យឧស្សាហ៍កម្មខណ្ឌ លោក ស៊ុ សានីយ ប្រធានការិយាល័យបរិស្ថានខណ្ឌ លោក ហ៊យ ស៉ីណែត ប្រធានការិយាល័យសាធារណៈការខណ្ឌ លោក គន់ សោភា រួមនិងចៅសង្កាត់ ចៅសង្កាត់រង និងមេភូមិផងដែរ។
ក្នុងកិច្ចសហការខាងលើនេះ លោក ប្រាជ្ញ សីហា បានថ្លែងថា ការប្រកាសបិទចំពោះទីតាំងដេប៉ូបូមខ្សាច់ជាបណ្ដោះអាសន្ននេះ ក៍អាចអនុញ្ញាត្តិឲ្យដំណើរការឡើងវិញបានផងដែរ ដោយតម្រូវឲ្យម្ចាស់ដេប៉ូអនុវត្តន៍គោលការណែនាំតាមលក្ខណៈបច្ចេកទេសមួយចំនួនដូចជា ទី១-ចំពោះទីតាំងទាំង២ តម្រូវឲ្យយកឯកសារដែលពាក់ព័ន្ធទៅសាលាខណ្ឌឫស្សីកែវ ដើម្បីបង្ហាញ ទី២-ចំពោះទីតាំងបូមខ្សាច់នៅខាងជើងផ្លូវ «បិទចោលបណ្ដោះអាសន្ន» ត្រូវធ្វើរបងព័ទ្ធជុំវិញឲ្យបានត្រឹមត្រូវ និងប្រើស្បៃបិតជារនាំងជៀសវាង ការហុយដីលើ ប្រជាពលរដ្ឋ ទី៣-ចំពោះទីតាំងទី២ ក៏ត្រូវធ្វើរបងឲ្យបានត្រឹមត្រូវ ដើម្បីឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរចេញចូលតាមដងផ្លូវបានងាយស្រួល ទី៤-ត្រូវមានកន្លែងលាងកង់រថយន្ដឲ្យបានត្រឹមត្រូវ មុនរថយន្ដដឹកដីខ្សាច់ចេញពីដេប៉ូ។
លោក ប្រាជ្ញ សីហា បានថ្លែងទៀតថា មុនឈានទៅដល់ការប្រកាសបិទជាបណ្ដោះអាសន្នចំពោះដេប៉ូបូមខ្សាច់នេះដែរ ដោយកន្លងមកអាជ្ញាធរខណ្ឌ បានធ្វើការព្រមាន និងបញ្ជាឲ្យចាត់វិធានការភ្លាមៗ ដើម្បីចាប់រថយន្ដធុនធំ ដឹកដី ដឹក ខ្សាច់ គ្រប់ប្រភេទ ដែលអ្នកបើកបរធ្វើចរាចរណ៍គ្មានសណ្ដាប់ធ្នាប់លើដងផ្លូវជាតិលេខ៥ និងផ្លូវ៥៩៨ «ហៅផ្លូវជាសុផារ៉ា» ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ ដែលធ្វើឲ្យមានការរិះគន់ ពីសំណាក់ប្រជាពលរដ្ឋ ដោយក្នុងករណីម្ចាស់អាជីវកម្មតាមដេប៉ូខ្សាច់ទាំងនោះ រួមជាមួយអ្នកបើកបររថយន្ដផងដែរ មិនព្រមអនុវត្តន៍តាមការណែនាំ របស់អាជ្ញាធរមានសមត្ថកិច្ចទេនោះ ប្រហែលជាអាចប្រឈមនឹងការបិទអាជីវកម្មចោល។
លោក ប្រាជ្ញ សីហា បានថ្លែងទៀតថា ការព្រមានធ្ងន់ៗ ទៅលើម្ចាស់អាជីវកម្ម តាមដេប៉ូខ្សាច់ និងអ្នកបើកបររថយន្ដធុនធំ ដឹកដី ដឹកខ្សាច់គ្រប់ប្រភេទនេះ ត្រូវបានធ្វើឡើងម្ដងរួចមកហើយកាលពីល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ ស្ថិតនៅសាលប្រជុំនៃសាលាខណ្ឌឬស្សីកែវ ដើម្បីពិគ្រោះប្ដូយោបល់ជាមួយតំណាងម្ចាស់អាជីវកម្មតាមដេប៉ូនីមួយៗ ដើម្បីធ្វើយ៉ាងណាត្រូវជួយសហការបញ្ជៀសឲ្យបានលើបញ្ហាប្រឈមនាៗ កុំឲ្យមានការរិះគន់ជាបន្តបន្ទាប់ ពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្នុងកិច្ចពិភាក្សាប្ដូរយោបល់ខាងលើនេះ លោក ប្រាជ្ញ សីហា បានលើកឡើងថា ការអញ្ជើញទាំងម្ចាស់អាជីវកម្មដេប៉ូខ្សាច់ និងអ្នកបើកបររថយន្ដ ដឹកដី ដឹកខ្សាច់ គឺដើម្បីពិភាក្សាលើការថែទាំសម្អាតតាមដងផ្លូវសាធារណៈ ដោយការដឹកដី ដឹកខ្សាច់ជ្រុះធ្លាក់រប៉ាត់រប៉ាយទាំងគ្មានសណ្ដាប់ធ្នាប់លើផ្លូវ ដោយសារការប្រកបអាជីវកម្មផ្សេងៗ របស់ក្រុមហ៊ុននីមួយៗដោយមានការឯកភាពគ្នា តាមបទដ្ឋានបច្ចេកទេសមួយចំនួនដូចជា គ្រប់ដេប៉ូខ្សាច់ទាំងអស់ ត្រូវមានកន្លែងលាងកង់រថយន្ដឲ្យបានត្រឹមត្រូវ មុននិងចេញពីដេប៉ូ ដោយតម្រូវបែងចែកក្រុមអាជីវកម្មដេប៉ូខ្សាច់ជាពីរក្រុម ដើម្បីទទួលខុសត្រូវឲ្យបានខ្ពស់លើការសម្អាតផ្លូវជាតិលេខ៥ និងផ្លូវ៥៩៨ «ហៅផ្លូវជាសុផារ៉ា» ហើយក្រុមទី១៖ទទួលសម្អាតផ្លូវជាតិលេខ៥ មានដូចជា ដេប៉ូខ្សាច់លោក ង៉ូវ ចាន់ណា ដេប៉ូខ្សាច់លោក ខៃ ណារិន ដេប៉ូខ្សាច់លោក ឯល គ្រីយ៉ា និងក្រុមទី២៖ទទួលសម្អាតលើផ្លូវ៥៩៨ «ហៅផ្លូវជាសុផារ៉ា» រួមមានដេប៉ូខ្សាច់លោក លី គឹមហេង ដេប៉ូខ្សាច់លោក ញឹក ផន ហៅតាកៅ ដោយត្រូវសម្អាតផ្លូវទាំងពីរខ្សែនេះ រយៈពេល២ដងក្នុងមួយសប្ដាហ៍ គឺថ្ងៃអង្គារ និងថ្ងៃសុក្រ។
លោកបន្តថា ពាក់ព័ន្ធការព្រមានចាប់រថយន្ដយកមករក្សាទុកនេះដែរ ទាំងម្ចាស់អាជីវកម្មដេប៉ូខ្សាច់ ក៏ដូចជា អ្នកបើកបររថយន្ដ នៅតែមិនអនុវត្តន៍ ហើយគគ្លើន មិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរ មានសមត្ថកិច្ចទេនោះ ប្រហែលជាអាចប្រឈម និងការបិតអាជីវកម្មចោល ព្រោះក្នុងនាមលោក ជាអាជ្ញាធរ ទទួលបន្ទុកផ្នែកសណ្ដាប់ធ្នាប់សាធារណៈ លោកមិនព្រមឲ្យប្រជាពលរដ្ឋ រិះគន់ម្ដងហើយម្ដងទៀត បានជាដាច់ខាត។ដូចនេះសូមឲ្យម្ចាស់អាជីវកម្មតាមដេប៉ូខ្សាច់ និងអ្នកបើកបររថយន្ដ ដឹកដី ដឹកខ្សាច់ ចាំបាច់ត្រូវតែជួយសហការធ្វើយ៉ាងណាបញ្ជៀសឲ្យបាននូវផលប៉ះពាល់ និងការរិះគន់ពីប្រជាពលរដ្ឋ មកលើអាជ្ញាធរដែលកំពុងអនុវត្តច្បាប់៕