(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ លោកឧត្ដមសេនីយ៍ឯក ប្រាក់ សិទ្ធ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកវរសេនីយ៍ទោ មីកាអែល ហ្គីយៀម ប្រតិភូទីប្រឹក្សាកងរាជអាវុធហត្ថផ្ទៃប្រទេសបារាំង ជួបពិភាក្សាគ្នាដើម្បីផ្លាស់ប្តូរបទពិសោធការងារ មួយចំនួនទាក់ទង និងវិស័យសន្តិសុខ ការពារសណ្តាប់ធ្នាប់សាធារណៈ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីមេបញ្ជាការ មេបញ្ជាការរង លោកនាយរងសេនាធិការ និងប្រធានមន្ទីរជាច្រើននាក់ផងដែរ។
លោកឧត្ដមសេនីយ៍ឯក ប្រាក់ សិទ្ធ បានថ្លែងថា ក្នុងនាមលោកតំណាងឲ្យនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាត់ឲ្យលោកដឹកនាំប្រតិភូទីប្រឹក្សាកងរាជអាវុធបារាំង ចុះជួបសំណេះសំណាលជាមួយកងរាជអាវុធហត្ថ តាមបណ្ដារាជធានី-ខេត្តនៅទូទាំងប្រទេសផងដែរ។
លោកវរសេនីយ៍ទោ មីកាអែល ហ្គីយៀម បានថ្លែងថា ក្នុងនាមលោកតំណាងកងរាជអាវុធហត្ថបារាំង បានចុះបំពេញបេសកកម្មមកនៅប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ននេះ ក្នុងគោលបំណងត្រួតពិនិត្យ និងផ្លាស់ប្ដូរបទពិសោធន៍ការអនុវត្តន៍តួនាទី ភារកិច្ច និងការរីកចម្រើនតាមបណ្ដាអង្គភាពចំណុះ ឲ្យកងរាជអាវុធហត្ថលើផ្ទៃ ប្រទេសកម្ពុជា។
លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានធ្វើសេចក្ដីរាយការណ៍អំពីចំនួនទ័ព និងរចនាសម្ព័ន្ធ របស់កងរាជអាវុធហត្ថ និងតួនាទី ភារកិច្ច ការិយាល័យជំនាញនីមួយៗ ព្រមទាំងសង្កត់ធ្ងន់លើការអនុវត្តការបង្ក្រាបបទល្មើសព្រៃឈើ បទល្មើសនេសាទ និងធនធានរ៉ែធម្មជាតិ។
ក្នុងឱកាសនោះដែរ លោកបានបន្ថែមថា ក្រៅពីការងារខាងលើ អង្គភាពក៏បានបង្កើតមជ្ឈមណ្ឌលអប់រំយុវជនផ្តាច់សារជាតិញៀន ព្រមទាំងបានចូលរួមចំណែក ក្នុងការងារចុះជួយសង្គមផ្សេងៗ។
ក្រោយពីកិច្ចសំណេះសំណាលត្រូវបានបញ្ចប់គណ:ប្រតិភូបានអញ្ជើញចុះត្រួតពិនិត្យអគារមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក ដែលកំពុងសាងសង់ និងបន្តត្រួតពិនិត្យអគារមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតផងដែរ៕