(កំពត)៖ ប្រជាពលរដ្ឋ​៣គ្រួសារ នៅសង្កាត់ត្រើយកោះ ក្រុងកំពត ដែលរងគ្រោះធ្ងន់ធ្ងរ ដោយជួបគ្រោះខ្យល់កន្ទ្រាក់ រលំផ្ទះ និងខូចខាត​ទ្រព្យសម្បត្តិមួយចំនួន កាលពីរសៀលថ្ងៃម្សិលមិញនោះ, នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ចាត់ឲ្យមន្ដ្រីក្រោមឱវាទ យកអំណោយផ្ដល់ជូន។​

លោកវរសេនីយ៍ទោ ឡុង ជឹម នាយការិយាល័យ​បុគ្គលិក និងជាជំនួយការផ្ទាល់លោកឧត្តសេនីយ៍ទោស្នងការ ដែលបានយក​អំណោយ​ទៅនោះ បានឲ្យដឹងថា ពលរដ្ឋរងគ្រោះទាំង០៣គ្រួសារខាងលើ រួមមាន​ ១៖ឈ្មោះ អេល ហៀ ​ភេទប្រុស អាយុ៤៥ឆ្នាំ, ២៖ឈ្មោះ សុខ ជឿន ​ភេទស្រី អាយុ៦៤ឆ្នាំ និង​៣៖ឈ្មោះ ស៊ិ ដារ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ​។

​អំណោយទាំងនោះក្នុងមួយគ្រួសារទទួលបា​ន អង្ក០១បាវ ស្មើ៥០គីឡូក្រាម មី១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ប៊ីចេងកន្លះគីឡូគីឡូក្រាម និងតង់១។

បន្ថែមពីនេះ លោកក៏បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ដែលណែនាំឲ្យពលរដ្ឋត្រូវ​បង្កើនការប្រុង​ប្រយ័ត្នខ្ពស់ ព្រោះថារដូវនេះជារដូវវស្សា ហើយនៅពេលមានភ្លៀងត្រូវរកទីទួលណាដែលមានសុវត្ថិភាពភា្លមៗ៕