(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ រួមជាមួយលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន គ្រោងនឹងដាក់សំណើរួមមួយជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញការងារគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ សំដៅប្រែក្លាយតំបន់សហគមន៍ទាំងជាង២ពាន់កន្លែង នៅទូទាំងប្រទេសកម្ពុជា អាចទាក់ទាញភ្ញៀវទេសចរ ឲ្យមកទស្សនា បង្កើនចំណូលជូនប្រជាពលរដ្ឋមូលដ្ឋាន។
គម្រោងដាក់សំណើរបស់ ក្រសួងទាំងបី ត្រូវបានឡើងក្នុងឱកាស លោករដ្ឋមន្រ្តីទាំង៣រូប អញ្ជើញជាសហអធិបតីភាពកិច្ចប្រជុំបូកសរុប ស្ដីពីការគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ។
លោក ថោង ខុន បានឲ្យដឹងថា ក្រសួងទាំងបី បានឯកភាពគ្នាដាក់ចេញយុទ្ធសាស្រ្តមួយចំនួន ដើម្បីជំរុញ ការគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ ប៉ុន្តែកិច្ចការងារនេះ អាចធ្វើទៅបាន លុះត្រាតែមាន គណៈកម្មការអន្តរក្រសួង ដែលបង្កើតឡើងដោយរាជរដ្ឋាភិបាលជាមុនសិន។
លោកបានបញ្ជាក់ទៀតថា យុទ្ធសាស្រ្តដែលក្រសួងទាំងបី ប្រុងនឹងដាក់ចេញដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍ នៅតាមសហគមន៍មូលដ្ឋាននេះ រួមមានដូចខាងក្រោម៖
១៖ រួមគ្នាបង្កើនសកម្មភាពអភិវឌ្ឍសហគមន៍ទេសចរណ៍ ដើម្បីជួយប្រជាជនមូលដ្ឋាន ដោយការគាំទ្រផ្នែកបច្ចេកទេស ហិរញ្ញវត្ថុ ការគ្រប់គ្រង និងអនុវត្តតាម លំនាំ 4Ps (សាធារណៈ ឯកជន ដៃគូអភិវឌ្ឍន៍ និងប្រជាជន-ទេសចរ)។
២៖ កំណត់ច្បាស់ស្តីពីប្រភេទសហគមន៍ សិទ្ធិ ការគ្រប់គ្រង និងនីតិវិធីនៃការបង្កើត ដំណើរការ និងការអភិវឌ្ឍសហគមន៍។
៣៖ សហគមន៍ទេសចរណ៍ដែលបានបង្កើត និងកំពុងដំណើរការ ត្រូវរួមគ្នាជួយពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះមានសហគមន៍ទេសចរណ៍ ត្រូវចុះបញ្ជីនៅតាមស្ថាប័នសមត្ថកិច្ចគ្រប់គ្រងតំបន់ ដែលសហគមន៍តាំងនៅ និងត្រូវមានការទទួលស្គាល់ និងសហការជួយផ្នែកផ្សព្វផ្សាយ បដិសណ្ឋារកិច្ច និងស្តង់ដាទេសចរណ៍ ពីក្រសួងទេសចរណ៍។
៤៖ សហគមន៍នានា នៅតាមតំបន់សក្តានុពល ដែលមានភាពទាក់ទាញទេសចរណ៍ មានហេដ្ឋារចនាសម្ព័ន្ធ និងមានលទ្ធភាពទៅកាន់តំបន់នោះបាន ត្រូវជំរុញបន្ថែមសកម្មភាពទេសចរណ៍នៅតាមសហគមន៍ទាំងនោះ ដើម្បីទាក់ទាញទេសចរទស្សនា និងបន្ថែមចំណូល និងការងារជូនប្រជាជនមូលដ្ឋាន។ សហគមន៍ប្រភេទនេះ ត្រូវបន្ថែមឈ្មោះ «ទេសចរណ៍ ឬអេកូទេសចរណ៍» រក្សាការគ្រប់គ្រង និងចុះបញ្ជីនៅតាមដែនសមត្ថកិច្ចគ្រប់គ្រង និងត្រូវមានការទទួលស្គាល់ពីក្រសួងទេសចរណ៍ ដើម្បីជួយបន្ថែមផ្នែកជំនាញ។
៥៖ តំបន់សក្តានុពលទេសចរណ៍ ដែលមានប្រជាជនរស់នៅតែមិនទាន់បានបង្កើតជាសហគមន៍ ត្រូវរួមគ្នាជួយបង្កើតសហគមន៍ទេសចរណ៍ ដើម្បីជួយប្រជាជន។ ការចុះបញ្ចីនៅក្នុងដែនសម្ថតកិច្ចគ្រប់គ្រង និងទទួលស្គាល់សហការជួយពីក្រសួងទេសចរណ៍។
៦៖ ត្រូវរៀបចំសារាចរណែនាំរួមមួយ ក្នុងការជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ ដែលអនុញ្ញាតឲ្យសហគមន៍ ដែលបម្រើសេវាជូនភ្ញៀវទេសចរ។
៧៖ បង្កើតក្រុមការងារចម្រុះជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ ដែលមានមន្រ្តីជំនាញនៃក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងមានការចូលរួមពីក្រសួងស្ថាប័ន-ពាក់ព័ន្ធ។
គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានសហគមន៍ទូទៅប្រមាណជាង ២,០០០សហគមន៍ (ការពារព្រៃឈើ សត្វព្រៃ សត្វស្លាប នេសាទ ទេសចរណ៍ជាដើម) ក្នុងនោះមានសហគមន៍ទេសចរណ៍ចំនួន៥៦ ក្នុងខេត្តចំនួន១៦៕