(ភ្នំពេញ)៖ អ្នកលក់គុយទាវតាមចិញ្ចើមផ្លូវម្នាក់ ត្រូវខ្សែភ្លើងស្លាកយីហោប៉ាន់ណូ ផ្ទះសំណាក់ ហេង ចន្ធី ឆ្លងចរន្តឆក់ស្លាប់នៅពាក់កណ្តាលផ្លូវ ខណៈបញ្ជូនសង្គ្រោះនៅមន្ទីររុស្សីដែលបង្កឲ្យមានការភ្ញាក់ផ្អើលនៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុខ វណ្ណៈ អាយុ៣៦ឆ្នាំ មុខរបរលក់គុយទាវ រស់នៅកន្លែងកើតហេតុក្នុង ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
ចំណែកម្ចាស់ផ្ទះសំណាក់មានឈ្មោះ កែវ សុខុម ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរជាងកញ្ចក់ មានស្រុកកំណើតនៅភូមិចុងកោះ ឃុំកោះអណ្ដែត ស្រុកស្រីសន្ធរ ខេត្តកំពុងចាម, និងមានប្រពន្ធ ឈ្មោះ ឡាយ ធី អាយុ៣៥ឆ្នាំ។
ក្រោយកើតហេតុភ្លាមៗ នោះថៅកែផ្ទះសំណាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីសួរនាំ៕