(ភ្នំពេញ)៖ នាទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម មានរៀបចំពិធីប្រកាសពីតួនាទី និងភារកិច្ច របស់ទីប្រឹក្សាក្រសួង និងពិធីចែកប័ណ្ណសរសើរលើកទឹកចិត្ត ដល់មន្ត្រីរាជការក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលបានទទួលពិន្ទុខ្ពស់ ក្នុងកម្មវិធី «ស្ទាបស្ទង់មតិលើកទី២ ភ្នែកមហាជន ឆ្នាំ២០១៧» របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ។
កម្មវិធីស្ទាបស្ទង់មតិភ្នែកមហាជននេះ គឺជាការបោះឆ្នោតផ្តល់មតិដោយសម្ងាត់ និងយុត្តិធម៌ របស់មន្រ្តីរាជការ ក្រោមឱវាទក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទៅលើការងារដឹកនាំ គ្រប់គ្រង និងការបំពេញការងារ របស់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដោយធ្វើឡើងក្នុងស្មារតីចូលរួមចំណែក ក្នុងគោលនយោបាយកែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ក្នុងការកែលម្អរបៀបរបបធ្វើការងារ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងប្រសិទ្ធភាព ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលក្រើនរំឭកជាប្រចាំឲ្យមន្រ្តីរាជការ គ្រប់ស្ថាប័ន ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល និងវះកាត់។
លទ្ធផលនៃការស្ទង់មតិនេះ នឹងជួយដាសស្មារតី ដល់មន្រ្តីរាជការគ្រប់រូប ឲ្យមើលឃើញពីកំហុសឆ្គងរបស់ខ្លួន ក្នុងការអនុវត្តការងារជាមួយមន្ត្រីក្រោមឱវាទ ហើយត្រូវធ្វើការកែប្រែ ឲ្យបានជាបន្ទាន់ទាំងអត្តចរិត និងសីលធម៌ ធ្វើយ៉ាងណាឲ្យការបំពេញការងារ ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានសេចក្តីថ្លៃថ្នូ ជៀសវាងការថ្នាំងថ្នាក់ពីមន្រ្តីថ្នាក់ក្រោម ដែលអាចឈានទៅដល់ការវៈកាត់ នៅពេលណាមួយ។
គួររំឭកផងដែរថា ជាគំនិតផ្តួចផ្តើមរបស់ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបនូវកម្មវិធីស្ទាបស្ទង់មតិមួយ ដែលមានឈ្មោះថា «កម្មវិធីស្ទាបស្ទង់មតិភ្នែកមហាជន របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម» ដែលត្រូវរៀបចំធ្វើជារៀងរាល់ឆ្នាំ។
លោកអ្នកអាចទាញយក លទ្ធផលនៃការស្ទាបស្ទង់មតិលើកទី២ ភ្នែកមហាជនរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឆ្នាំ២០១៧ បានតាមរយៈគេហទំព័រផ្លូវការ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម www.mih.gov.kh ៕