(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានសម្រេចដាក់ចេញវិធានការរយៈពេលខ្លីចំនួន ៦ចំណុច ដើម្បីដោះស្រាយ បញ្ហាធ្លាក់តម្លៃពោតក្រហមរបស់ប្រជាកសិករខ្មែរ រហូតធ្វើឲ្យផ្ទុះការតវ៉ារហូតឈានដល់ការបិទផ្លូវ។
ក្រោយពីមានការត្អូញត្អែរ និងផ្ទុះការតវ៉ាពីប្រជាកសិករ លើការធ្លាក់តម្លៃពោតក្រហមពី ៤៤០រៀល មកត្រឹម ៣៦០រៀល នៅក្នុងស្រុកកំរៀង និងស្រុកភ្នំព្រឹក នៃខេត្តបាត់ដំបងនោះ លោក ប៉ាន សូរស័ក្ដិ បានបើកកិច្ចប្រជុំបន្ទាន់មួយជាមួយក្រុមហ៊ុនចំណីសត្វ CP និងអ្នកពាក់ព័ន្ធសរុបប្រមាណ ៥០រូប ដើម្បីរកដំណោះស្រាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧។
ក្នុងកិច្ចប្រជុំនោះ បានលើកឡើងនូវបញ្ហាមួយចំនួនដែលនាំឲ្យពោតក្រហមនៅឆ្នាំនេះធ្លាក់ថ្លៃ។ បញ្ហាទាំងនោះរួមមាន៖ កត្តាអាកាសធាតុ ដោយឆ្នាំនេះមានភ្លៀងធ្លាក់ច្រើន ធ្វើឲ្យកសិករជួបការលំបាក ក្នុងការហាល និងសម្ងួតទិន្នផលពោត, កត្តាប្រាក់កម្ចី កសិករភាគច្រើន បានធ្វើការកាច់ពោតមុនពេលកំណត់ ដើម្បីលក់យកប្រាក់បង្វិលសងធនាគារ, កត្តាហេដ្ឋារចនាសម្ព័ន្ធ កង្វះខាតឡសម្ងួត ដើម្បីហាលទិន្នផលពោត និងឃ្លាំងស្តុក ដើម្បីរក្សាទុករយៈពេលយូរ, កត្តាកម្រៃក្រៅផ្លូវការ ដោយម្ចាស់សៃឡូដែលទិញពោត ពីកសិករត្រូវការបង់ចំណាយទៅលើសេវាមួយចំនួន ជូនមន្ត្រីពាក់ព័ន្ធនៅតាមមាត់ច្រកព្រំដែន និងកត្តាលើសបរិមាណ ដោយសារតែក្នុងប្រទេសថៃ ជារដូវប្រមូលទិន្នផលពោត ធ្វើឲ្យឡសម្ងូតភាគច្រើនពេញប្រៀបដោយកសិផលពោត ដូច្នេះពាណិជ្ជករថៃមិនអាចទញកសិផលពោតពីខ្មែរច្រើននោះទេ។
ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខនេះ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានដាក់ចេញវិធានការរយៈពេលខ្លីចំនួន ៦ចំណុច ដើម្បីលើកស្ទួយតម្លៃពោតក្រហមជូនប្រជាកសិករ។ វិធានការទាំង ៦ចំណុចនោះ រួមមាន៖
១៖ ភ្នាក់ងារគយ និងកាំកុងត្រូល នឹងបញ្ឈប់ការយកកម្រៃលើការនាំចេញកសិផលពោត ចាប់ពីថ្ងៃនេះតទៅ។
២៖ ក្រសួងពាណិជ្ជកម្ម នឹងចងក្រងរបាយការណ៍ ដើម្បីស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធ ធ្វើការកាត់បន្ថយការបង់ចំណាយក្រៅផ្លូវការឲ្យបាន ១០០%។
៣៖ ធនាគារអភិវឌ្ឍន៍ជនបទ នឹងបើកចំហរ ហើយត្រៀមខ្លួនជានិច្ច ដើម្បីធ្វើការជាមួយម្ចាស់សៃឡូ ដែលត្រូវការខ្ចីប្រាក់ ដើម្បីទិញកសិផលពោត ឬ ធ្វើឡសម្ងួត និងពង្រីកឃ្លាំងស្តុកកសិផលជាដើម។ បច្ចុប្បន្នធនាគារមានគោលការណ៍ប្រើប្រាស់ឥណទានរបស់ខ្លួន ដែលមានទឹកប្រាក់សរុប ២៧លានដុល្លារអាមេរិក ជាមួយអត្រាការប្រាក់ពីចន្លោះ ៥% ទៅ ៧% ក្នុងមួយឆ្នាំ សម្រាប់ផ្តល់ជូនវិស័យឯកជន ជាមួយលក្ខខណ្ឌងាយៗ។
៤៖ ក្រុមហ៊ុនផលិតចំណីសត្វ CP នឹងប្រមូលទិញកសិផលពោត ទៅតាមស្ដង់ដាឲ្យបានល្អប្រសើរជាងមុន។
៥៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងសិក្សាបន្ថែមលើលទ្ធភាពបន្ធូរបន្ថយពន្ធ លើប្រាក់ចំណេញ សម្រាប់ទំនិញប្រភេទកសិផល។
៦៖ អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវនិងនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជននៃក្រសួងពាណិជ្ជកម្ម នឹងធ្វើការសិក្សាបន្ថែមលើការអនុវត្តយន្តការកិច្ចសន្យាកសិកម្ម (Contract Farming) រវាងក្រុមហ៊ុនផលិតចំណីសត្វ និងកសិករដាំពោត ដើម្បីធានាបានស្ថេរភាពតម្លៃទីផ្សារក្នុងស្រុក និងការផ្គត់ផ្គង់។
សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្លៃកន្លងទៅនេះមានការផ្ទុះតវ៉ារហូតបិទផ្លូវពីសំណាក់ប្រជាពលរដ្ឋខេត្តបាត់ដំបង ដើម្បីទាមទារឲ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហាធ្លាក់តម្លៃពោត៕