(មណ្ឌលគិរី)៖ សត្វខ្ទីងឈ្មោលឡើង-ក អាយុជាង២០ឆ្នាំ មានទម្ងន់រាប់រយគីឡូក្រាម ជាប្រភេទសត្វកម្រស្ទើរផុតពូជផងនោះ ត្រូវបានគេបាញ់សម្លាប់ទៀតហើយ នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគិរី។
ជាមួយគ្នានេះលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ បានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងបំផុត ស្នើឲ្យសមត្ថកិច្ច និងមន្រ្តីជំនាញធ្វើការស្រាវជ្រាវ រកជនប្រព្រឹត្តបទល្មើសផ្សេងៗ ដូចជា បទល្មើសព្រៃឈើ និងករណីជនល្មើសបាញ់សម្លាប់សត្វខ្ទីងនេះ ឲ្យឃើញដើម្បីចាត់វិធានការណ៍ តាមផ្លូវច្បាប់។
សូមជម្រាបថា កាលពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ក្រុមការងារមន្ត្រីបរិស្ថាន មន្រ្តីឧទ្យានុរ័ក្សដែនជម្រកសត្វព្រៃភ្នំព្រេច ប្រចាំស្នាក់ការមេម៉ង់ និងមន្ត្រីអង្គការ WWF ព្រមទាំងសមាជិកសហគមន៍ តំបន់ការពារធម្មជាតិ ភូមិភ្នំក្តុកបានឃាត់ចាប់ម៉ូតូចំនួន៤គ្រឿង ដឹកសាច់សត្វខ្ទីងចំនួន១០០គីឡូក្រាម ១ក្បាល ប៉ុន្តែពេលឃើញសមត្ថកិច្ច ម្ចាស់ម៉ូតូបានរត់គេចខ្លួន ចូលព្រៃជ្រៅបាត់ ដោយមិនបានស្គាល់អត្តសញ្ញាណនោះទេ។
លោក ហាន សុខន នាយកដែនជម្រកសត្វព្រៃភ្នំព្រេច បានប្រាប់ថា «បច្ចុប្បន្នជំនាញបានធ្វើការដឹកជញ្ជូនវត្ថុតាង មករក្សាទុកនៅមន្ទីរបរិស្ថានខេត្ត ហើយឡូវរហូតដល់ពេលនេះ ជំនាញបានធ្វើការកំណត់បានមុខសញ្ញាបណ្តើរៗហើយ ដើម្បីឈានទៅរកការឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការណ៍តាមផ្លូវច្បាប់»។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានថ្លែងប្រាប់នៅរសៀលថ្ងៃដដែលនេះថា លោក កំពុងមានវិធានការណ៍ចំពោះជុំវិញករណី ការបាញ់សត្វព្រៃគ្រប់ប្រភេទ និងសម្លាប់សត្វខ្ទីងប្រភេទសត្វកម្រថ្មីៗនេះ។ លោកសុំស្នើឲ្យមន្រ្តីគ្រប់គ្រងដែនជម្រកសត្វព្រៃទាំងអស់ នៅតំបន់ខេត្តមណ្ឌលគិរី បង្កើនការយកចិត្តទុកដាក់ទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ សត្វព្រៃគ្រប់ប្រភេទ រួមទាំងការជួញដូរសាច់សត្វព្រៃ ឲ្យបានទាន់ពេលវេលាប្រយោជន៍រក្សាបាននូវធនធានធម្មជាតិបានគង់វង្ស។
លោក មូល ផាត ប្រធានតំបន់ទេសភាពខ្ពង់រាបភាគខាងកើត ប្រទេសកម្ពុជា នៃអង្គការ WWF បានថ្លែងប្រាប់ថា ចំពោះទស្សនៈវិស័យរបស់លោកផ្ទាល់ សុំស្នើឲ្យមន្រ្តីជំនាញ ដែលមានសមត្ថិច្ចសូមបង្កើនបន្ថែមទៀត នៃការអនុវត្តច្បាប់ មិនយោគយល់ចំពោះជនសង្ស័យណា ដែលបានប្រព្រឹត្តបទល្មើសដូចជា ការកាប់បំផ្លាញព្រៃឈើការបបាញ់សត្វព្រៃ ការធ្វើអជីវកម្មជួញដូរសាច់សត្វព្រៃគ្រប់ប្រភេទ មន្រ្តីមូលដ្ឋានផ្ទាល់ជម្រុញ និងចូលរួមសហការជាមួយ មន្រ្តីជំនាញឲ្យបានល្អ ក្នុងការជួយទប់ស្កាត់ បទល្មើសនេះ គួរតែអាជ្ញាធរខេត្ត មានវិធានការបន្ថែមទៀតដូចជា បញ្ឈប់សេវាកម្មសាច់សត្វព្រៃ នៅតាមបណ្តាភោជនីយ៍ដ្ឋាននានា ក្នុងខេត្តទើបការបបាញ់ សត្វព្រៃ ការចរាចរអាជីវកម្មមួយនេះមានភាពល្អប្រសើរបាន៕