(ភ្នំពេញ)៖ លោក ប៉ិល កុសល អភិបាលខណ្ឌសែនសុខ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមការងារខណ្ឌ-សង្កាត់ ចុះពិនិត្យ និងស្តារប្រឡាយលូមេ១ខ្សែមានប្រវែង៦០០ម៉ែត្រ និងទទឹង១០ម៉ែត្រ ដើម្បីបញ្ជៀសជំនន់ទឹកភ្លៀង នារដូវវស្សានេះ។
ក្នុងការចុះពិនិត្យ និងស្តារប្រឡាយខាងលើនេះ បានធ្វើឡើងស្ថិតនៅត្រង់ចំណុចខាងក្រោយសាលា «ណតប្រីត» សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងប្រឡាយអូរគុជ១ខ្សែទៀត នៅក្នុងសង្កាត់ភ្នំពេញថ្មី។
លោក ប៉ិល កុសល បានទទួចដល់បងប្អូនដែលមានលំនៅដ្ឋាន តាមមាត់ប្រឡាយលូនេះ ក៏ដូចជា ប្អូនៗ ក្មួយៗ ដែលជួលបន្ទប់ស្នាក់នៅ មេត្តាកុំចោលសំរាម សំណល់រឹង ថង់ប្លាស្ទិក ឫសំណល់ផ្សេងៗ ទៅក្នុងប្រឡាយមេនេះ។
លោកអភិបាលខណ្ឌ បានពន្យល់ថា ប្រឡាយលូបង្ហូរនេះសំខាន់ណាស់ ព្រោះវាទទួលបង្ហូរបន្តពីខណ្ឌពោធិ៍សែនជ័យ ឆ្លងកាត់ខាងក្រោយសាលា «ណតប្រីត» ហូរឆ្ពោះទៅស្ទឹងមានជ័យ ហើយបើវាស្ទះនៅកន្លែងណាហើយ តំបន់នោះនឹងត្រូវជនលិចជាមិនខាន។ លោកអំពាវនាវឲ្យបងប្អូនរស់នៅក្បែរមាត់ប្រឡាយទាំងអស់ បញ្ឈប់ចោលសំរាមក្នុងប្រឡាយ។
លោកអភិបាលខណ្ឌ បានបន្តទៀតថា «ថ្ងៃនេះ ពេលនេះ វាផ្ទុយគ្នាស្រឡះពីមុន ព្រោះថា តំបន់នេះ ត្រូវបានអភិវឌ្ឍយ៉ាងឆាប់រហ័សទាំង ហេដ្ឋារចនាសម្ព័ន្ធ ប្រឡាយ ផ្លូវដែលមានក្នុងប្លង់ អិលម៉ាប ត្រូវបានកសាងស្ថាបនាជាបន្តបន្ទាប់ ក្នុងភូមិសាស្ត្រ ខណ្ឌសែនសុខ ហើយការងារនេះ បាននឹងកំពុងអនុវត្តជាប្រចាំ ហើយកត្តាសំខាន់ គឺយើងទាំងអស់គ្នា ត្រូវមានភារកិច្ចចូលរួមរក្សាការពារសមិទ្ធិផលកំពុងមានស្រាប់»៕