(រតនគិរី)៖ ក្នុងពិធីអបអរសាទរទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលធ្វើឡើងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ លោក ថង សាវុន អភិបាលខេត្តរតនគិរី អំពាវនាវឲ្យប្រជាពលរដ្ឋត្រូវស្វែងយល់ពីមហន្តរាយកើតចេញពីគ្រឿងញៀន ហើយត្រូវរួមគ្នាទប់ស្កាត់ និងលុបបំបាត់បញ្ហានេះឲ្យអស់ពីក្នុងសង្គម។
លោកអភិបាលខេត្ត ក៏បានជំរុញឲ្យប្រជាពលរដ្ឋ រួមគ្នាជាមួយអាជ្ញាធរមានសមត្ថកិច្ច ត្រូវបង្ការនិងទប់ស្កាត់ឲ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់ នូវរាល់ការប៉ុនប៉ងលួចលាក់ផលិត កែច្នៃ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀនគ្រប់ប្រភេទ ព្រោះថាមានតែប្រជាពលរដ្ឋក្នុងសហគមន៍ ដែលដឹងច្បាស់ពីសុខទុក្ខ និងបញ្ហាផ្សេងៗ ដែលកើតមានឡើងក្នុងសហគមន៍របស់ខ្លួន ហើយសូមចាត់ទុកថាបញ្ហាគ្រឿងញៀន គឺជាបញ្ហារបស់យើងទាំងអស់គ្នា។
ពិធីដែលធ្វើឡើងក្រោមប្រធានបទ «ត្រូវស្តាប់កូនចៅ និងយុវជន គឺជាជំហានដំបូង ដើម្បីជួយពួកគេឲ្យលូតលាស់ប្រកបដោយសុខភាព» អភិបាលខេត្តរតនគិរី បានលើកឡើងថា ក្នុងគោលបំណងពញ្ញាក់ស្មារតី ដាស់តឿនមាតាបិតា និងអាណាព្យាបាលឲ្យយកចិត្តទុក ដាក់ថែទាំ និងស្វែងយល់ពីទំនាក់ទំនង និងតម្រូវការរបស់កូនចៅ ដើម្បីដោះស្រាយ និងជួយណែនាំឲ្យពួកគេអាចជៀសផុតពីបញ្ហា អវិជ្ជមានផ្សេងៗ នៅក្នុងសង្គម ពិសេសបញ្ហាគ្រឿងញៀនដែលអាចកើតមានឡើងក្នុងតំណាក់កាល នៃការវិវឌ្ឍន៍លូតលាស់របស់ពួកគេ។
ក្នុងនាមជាប្រធានគណៈបញ្ជាការត្រួតពិនិត្យគ្រឿងញៀនខេត្តរតនគិរី លោកបានឲ្យដឹងដែរថា របាយការណ៍គ្រឿងញៀនពិភពលោក ក្នុងឆ្នាំ២០១៦ បានបង្ហាញថា ក្នុងរយៈពេល៤ឆ្នាំចុងក្រោយ មានមនុស្សប្រមាណ ២៤៧លាននាក់ បានប្រើប្រាស់គ្រឿងញៀន ហើយក្នុង ចំណោមអ្នកទាំងនោះ មានចំនួន ២៩លាននាក់ បានក្លាយជាអ្នកញៀន និង មានបញ្ហាសុខភាពធ្ងន់ធ្ងរហើយក្នុងមួយឆ្នាំៗ មានមនុស្ស ២០ម៉ឺននាក់ បានស្លាប់ដោយសារពាក់ព័ន្ធគ្រឿងញៀន។
ដោយឡែក ប្រទេសកម្ពុជារហូតមកដល់ឆ្នាំ២០១៧ នេះមានប្រជាជនប្រមាណ ២ម៉ឺននាក់ បានប្រើប្រាស់គ្រឿងញៀន ក្នុងនោះមាន ជាង១ម៉ឺននាក់ មានបញ្ហាសុខភាពធ្ងន់ធ្ងរ ដូច្នេះការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺពិតជាកាតព្វកិច្ចរបស់រាជរដ្ឋភិបាលប៉ុន្តែបើគ្មានការ ចូលរួម និងការគាំទ្រពីប្រជាពលរដ្ឋ និងសហកមន៍នោះទេ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិតជាមិនអាចទទួលនបាន ជោគជ័យឡើយ។
ក្នុងរបាយការណ៍របស់គណៈបញ្ជាការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានបញ្ជាក់ដឹងថា ក្នុង ១ឆមាសទី១ ឆ្នាំ២០១៧កន្លងមកនេះ គឺបានអនុវត្តបង្រ្កាបដោយកម្លាំងនគរបាល និងកងរាជអាវុធហត្ថខេត្តសរុបចំនួន ២៧លើក ស្មើ ៣ករណីឃាត់ខ្លួនជនសង្ស័យ បានចំនួន៧៤នាក់ ស្រី៧នាក់ ព្រមទាំងបានដកហូតវត្ថុតាង មេតំហ្វេតាមីនប្រភេទ ICEចំនួន២០កញ្ចប់ធំ និង៤៤កញ្ចប់តូច មានទម្ងន់សរុប១៥៥,៧៩ក្រាម៕