(កំពង់ធំ)៖ នៅថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០១៧នេះលោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ ទីតាំងស្នើសុំធ្វើ អាជីវកម្មបូមខ្សាច់របស់លោក ជាវ ប៊ុនធឿន ស្ថិតនៅតាមដងស្ទឹងសែន នៅភូមិបាជ័យ ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
លោក ណឹម ចាន់ថា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ធំ បានបានថ្លែងថា ការស្នើសុំធ្វើអាជីវកម្មបូមខ្សាច់របស់លោក ជាវ ប៊ុនធឿន មានទំហំផ្ទៃដីសរុប៩៨២៣ម៉ែត្រការ៉េ ដែលមានបណ្តោយប្រវែង២០៩ម៉ែត្រ និងទទឹង៤៧ម៉ែត្រ ហើយទីតាំងស្នើសុំ គឺមានទីតាំងដី ខ្សាច់ដុះខ្ពស់ លយចូលស្ទើរពាក់កណ្តាលបាតស្ទឹង ជាហេតុធ្វើឲ្យមាត់ស្ទឹង រួមតូចគោករាក់ នាំឲ្យចរន្តទឹកហូរបុកច្រាំងម្ខាងទៀត បាក់ជាច្រើនកន្លែង អាចប៉ះពាល់ដីស្រែចំការប្រជាពលរដ្ឋ។
លោក គង់ វិមាន បានណែនាំឲ្យមន្ទីររ៉ែ និងថាមពលខេត្ត រៀបចំបោះបង្គោលកំណត់ទីតាំងបូមខ្សាច់របស់ក្រុមហ៊ុន ឲ្យបានច្បាស់លាស់ ចៀសវាង មានការសង្ស័យពេលចុះអនុវត្ត លើការស្នើសុំ និងសូមឲ្យពិនិត្យទៅលើការប្រើប្រាស់ឧបករណ៍បច្ចេកទេសឲ្យស្របទៅតាម ច្បាប់ និងត្រូវត្រួតពិនិត្យ លើការអនុវត្តរបស់ក្រុមហ៊ុន ពិនិត្យទៅលើផលប៉ះពាល់ ការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនឲ្យបានត្រឹមត្រូវ ចៀសវាងការដឹកជញ្ជូនលើសទម្ងន់ ត្រូវធានាឲ្យមានការជួសជុលផ្លូវ និងផ្សព្វផ្សាយពីបញ្ហាដែលបណ្តាល មកពីការដឹកលើសទម្ងន់។
ជាមួយគ្នានេះលោកអភិបាលរងខេត្ត ក៏សូមពលរដ្ឋទាំងអស់ ប្រកបអាជីវកម្មបូមខ្សាច់ខ្នាតតូច និងមធ្យមត្រូវធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ ដល់អ្នករស់នៅជិតខាង ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះអាជីវកម្មរបស់ខ្លួន មិនត្រូវរំលោភបំពានច្បាប់ដែលមន្ទីរពាក់ព័ន្ធបានដាក់ជូន។
លោកថា «រាល់ពេលមានសំណូមពរ ភាគីក្រុមហ៊ុនត្រូវចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ពេលទទួលបានការអនុញ្ញាត ត្រូវអនុវត្តឲ្យបានតាមកិច្ចសន្យា និងពេលឈប់ធ្វើអាជីវកម្ម ត្រូវជូនដំណឹងដើម្បីបិទការដ្ឋានចំពោះមុខនេះក្រុមហ៊ុន ត្រូវធ្វើកិច្ចសន្យាការថែទាំជួសជុលផ្លូវជាមួយនឹងអាជ្ញាធរឃុំ សង្កាត់ជាមុនសិន»។
ចុងក្រោយ លោកសុំស្នើដល់អាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការផ្សព្វផ្សាយឲ្យបានដល់ប្រជាពលរដ្ឋ ក្នុងការធ្វើអាជីវកម្មខ្នាតតូចដើម្បីយកខ្សាច់ មកផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុកបានទូលំលាយផងដែរ៕