(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌឬស្សីកែវ បានប្រតិកម្មធ្ងន់ៗ ចំពោះម្ចាស់ដីមួយចំនួន ដែលមិនបានយល់ច្បាស់អំពីផលប៉ះពាល់ និងបានបញ្ជាឲ្យរថយន្ដដឹកចាក់ដីបំពេញ លើដីឡូត៍របស់ខ្លួន ទាំងគ្មានប្រើប្រាស់បច្ចេកទេសដាក់ប្រព័ន្ធលូ បង្ហូរទឹកឡើយ ទើបបណ្ដាលឲ្យមានការលិចលង់ពីជំនន់ទឹកភ្លៀង លើដងផ្លូវសាធារណៈ និងរងការខូចខាត ផ្លូវ ក្លាយជាជង្ហុកតូច ធំ (សំបុកមាន់) ហើយក៏ធ្វើឲ្យមានផលលំបាក ក្នុងការធ្វើដំណើរចេញចូលពីសំណាក់ប្រជាពលរដ្ឋផងដែរ។
ជាក់ស្តែងលោកឧកញ៉ា ឡាយ ប៊ុនប៉ា បានបញ្ជាឲ្យរថយន្ដដឹកដី ចាក់បំពេញលើដីឡូត៍របស់ខ្លួន ស្ថិតនៅចំណុចផ្លូវភ្លោះច្រកចូល «ហ្គ្រេនភ្នំពេញ» ក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ទាំងគ្មានសិក្សាលើបញ្ហាប្រព័ន្ធលូរំដោះទឹកឡើយ ទើបបណ្ដាលឲ្យមានការលិចលង់ផ្លូវ ហើយរងការខូចខាត ព្រមទាំងបង្កជាគ្រោះថ្នាក់ចរាចរផ្សេងៗ ចំពោះប្រជាពលរដ្ឋ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាទៅអាជ្ញាធរខណ្ឌឬស្សីកែវចុះពិនិត្យជាក់ស្តែង ដើម្បីមានចំណាត់ការ និងកាយចេញ ដើម្បីដាក់ប្រព័ន្ធលូថ្មី។
ដើម្បីដោះស្រាយបញ្ហានេះលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ បានចុះត្រួតពិនិត្យ និងត្រៀមប្រើប្រាស់គ្រឿងចក្រ ជីកគាស់កាត់ទទឹងផ្លូវមួយកន្លែង ដើម្បីដាក់ប្រព័ន្ធលូបង្ហូររំដោះទឹកពីជំនន់ភ្លៀងធ្លាក់ ក្នុងការបញ្ជៀសការកកស្ទះ និងដើម្បីបង្កាមិនឲ្យខូចខាតធ្ងន់ធ្ងរច្រើនជាងនេះ រួមទាំងអាចបញ្ជៀសបានរាល់គ្រោះថ្នាក់ចរាចរផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុជូនប្រជាពលរដ្ឋ។ ការចុះដោះស្រាយបញ្ហានេះ ក៏មានការរួមដំណើរពីមន្ត្រី ពាក់ព័ន្ធចំណុះជំនាញ ជុំវិញខណ្ឌមួយចំនួនរួមមាន៖ លោក អ្នក បូរ នាយករងរដ្ឋបាលខណ្ឌ លោក ស្មាស រិទ្ធី ប្រធានការិយាល័យអន្តរវិស័យខណ្ឌ លោក គន់ សោភា ប្រធានការិយាល័យ សាធារណៈការខណ្ឌ លោក ផាន់ តុលា ជំនួយការអភិបាលរងខណ្ឌ រួមនិងអស់លោក លោកស្រីជាចៅសង្កាត់ ចៅសង្កាត់រង និងមេភូមិផងដែរ។
លោក ប្រាជ្ញ សីហា បានថ្លែងថា «បន្ទាប់ពីទទួលបានផែនការភ្លាមៗពី អភិបាលរាជធានីភ្នំពេញ និងលោកអភិបាលខណ្ឌ យើងបានចុះធ្វើការត្រួតពិនិត្យសិក្សាស្ថានភាព លើកំណាត់ផ្លូវបេតុងនេះ ដែលមានការលិចលង់ពីជំនន់ទឹកភ្លៀង ក៏ព្រោះតែពុំទាន់មានប្រព័ន្ធលូត្រឹមត្រូវ ដោយតម្រូវឲ្យម្ចាស់ដី មុនបញ្ជារថយន្ដចាក់ដីបំពេញលើដីឡូត៍របស់ខ្លួន គួរសិក្សាអំពីប្រព័ន្ធលូរំដោះទឹកសិន ដែលអាចធ្វើឲ្យមានការលិចលង់ដក់ទឹកលើដងផ្លូវសាធារណៈ ពិសេសធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចំពោះការខូចខាតផ្លូវ កើតមានជាជង្ហុកតូច-ធំផ្សេងៗ បង្កជាគ្រោះថ្នាក់ចរាចរដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់»។
មន្ត្រីសាលាខណ្ឌឫស្សីកែវ ក៏បានលើកឡើងផងដែរថា «ចំពោះស្ថានភាពលើកំណាត់ផ្លូវ១ខ្សែខាងលើ ដែលកំពុងលិចលង់ចោះៗ តាមកន្លែង ដោយគ្មានប្រព័ន្ធលូបង្ហូររំដោះទឹក ក៏ព្រោះតែរងសំពាធពីជំនន់ទឹកភ្លៀង ពិសេសលោកឧកញ៉ា ឡាយ ប៊ុនប៉ា បានបញ្ជាឲ្យរថយន្ដដឹកដីចាក់បំពេញលើដីឡូត៍របស់ខ្លួន ទាំងគ្មានសិក្សាលើបញ្ហា ប្រព័ន្ធលូរំដោះទឹកឡើយ ទើបបណ្ដាលឲ្យមានការលិចលង់ផ្លូវ ហើយរងការខូចខាត និងបង្កជាគ្រោះថ្នាក់ចរាចរផ្សេងៗចំពោះប្រជាពលរដ្ឋ»។
មន្ត្រីដដែលបានឲ្យដឹងទៀតថា ដោយមានការឯកភាព និងទទួលខុសត្រូវខ្ពស់ពីឧកញ៉ា លី ហួរ ម្ចាស់បុរី «វិមានភ្នំពេញ» បានផ្ដល់នូវវប្បធម៌ចែករំលែក ជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌឫស្សីកែវ ដើម្បីធ្វើការជីកគាស់កាត់ទទឹងផ្លូវ ក្នុងការដាក់ប្រព័ន្ធលូបង្ហូររំដោះទឹកចេញទម្លាក់ ទៅក្នុងបឹងពោងពាយ ដែលនៅក្បែរនោះផងដែរ៕