(សៀមរាប)៖ នៅឆមាសទី១ ឆ្នាំ២០១៧នេះ ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរា បានចុះពិនិត្យសម្របសម្រួល ដល់តាមខ្នងផ្ទះ ប្រជាពលរដ្ឋដោយផ្តល់ការអនុញ្ញាតសាងសង់ និងជួសជុលប្រភេទសំណង់តូចតាចចំនួន៤៦៩ករណី នៅក្នុងភូមិសាស្ត្រនៃក្រុងសៀមរាប និងស្រុកចំនួន៤ផ្សេងទៀត ដែលស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ។
យោងតាមរបាយការណ៍របស់ក្រុមការងារសហគមន៍បានបញ្ជាក់ថា ការចុះត្រួតពិនិត្យសម្របសម្រួលការផ្តល់សិទ្ធិអនុញ្ញាតសាងសង់ ជួសជុល ប្រភេទសំណង់ធន់ស្រាល និងតូចតាចតាមខ្នងផ្ទះប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរមានចំនួនសរុប៤៦៩ករណីក្នុងនោះ រួមមាននៅក្នុងស្រុកប្រាសាទបាគងចំនួន៥៤ករណី, ស្រុកអង្គរធំចំនួន១ករណី, ស្រុកពួកចំនួន៤៥ករណី, ក្រុងសៀមរាបចំនួន១៩១ករណី និងស្រុកបន្ទាយស្រីចំនួន៣៤ករណី។
សកម្មភាពទាំងនេះ ស្តែងឲ្យឃើញថាក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរា តែងតែចុះដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហាមួយចំនួន ដែលប្រជាពលរដ្ឋមានសេចក្តីត្រូវការក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។ ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា តែងតែនៅក្បែរ និងយកចិត្តទុកដាក់ដោះស្រាយគ្រប់បញ្ហា ជូនចំពោះប្រជាពលរដ្ឋទាំងសុខទុក្ខទាំងជីវភាពរស់នៅ សុខភាព និងការអប់រំធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ ក្នុងតំបន់រមណីយដ្ឋានអង្គរ មានការរស់នៅល្អប្រសើចំណេះដឹងទូលំទូលាយនិងមាន ភាពសុខសាន្តក្នុងសង្គមគ្រួសារ៕