(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្រេចដាក់រថយន្តក្រុងថ្មី ដែលជាជំនួយរបស់ប្រទេសចិនចំនួន១០០គ្រឿង ជំនួសខ្សែររត់ចាស់ និងបានណែនាំឲ្យអ្នកបើកបរ មានក្រមសីលធម៌ គោរពច្បាប់ ចរាចរណ៍ផងដែរ។ ការលើកឡើងរបស់លោក ឃួង ស្រេង បានធ្វើឡើងនៅក្នុង កិច្ចប្រជុំពិភាក្សាការរៀបចំតម្រាយ ផ្លូវសម្រាប់ រថយន្តក្រុងថ្មី១០០គ្រឿង ជាមួយមន្ត្រីជំនាញពាក់ព័ន្ធមួយ ចំនួនទៀត នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កិច្ចប្រជុំនេះ ក្រៅពីការរៀបចំតម្រាយផ្លូវ ការផ្លាស់ប្តូររថយន្ត លោកអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំប្រធានរដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈរាជធានីភ្នំពេញ ឲ្យអប់រំណែនាំឲ្យអ្នកបើកបរ រថយន្តទាំងអស់ឲ្យចេះស្រឡាញ់ រថយន្តក្រុងឲ្យដូចរថយន្តផ្ទាល់ខ្លួន ត្រូវមានក្រមសីលធម៌ គោរពច្បាប់ចរាចរណ៍និងមានការយោគយល់ ឲ្យបានច្រើនដើម្បីកាត់បន្ថយ ការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ និងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
លោក ម៉េត មាសភក្តី បានឲ្យដឹងថា កិច្ចប្រជុំនេះពិភាក្សា លើតម្រាយផ្លូវរបស់ រថយន្តក្រុងដោយបន្ថែម ខ្សែរត់ ចំនួន៦ខ្សែ។ ប៉ុន្តែទោះបីជា យ៉ាងណាក្តី កិច្ចប្រជុំមិនបានបញ្ជាក់ឲ្យ បានច្បាស់ពីតម្រាយផ្លូវទាំង៦ខ្សែនេះទេ ដោយលោកបញ្ជាក់ថា «រដ្ឋបាលរាជធានីភ្នំពេញ កំពុង សិក្សាថា តើផ្លូវណាសំខាន់ ផ្លូវណាមានតម្រូវការប្រជាពលរដ្ឋ ជិះច្រើនទើប យើងសម្រេចជាក្រោយ»។
លោកបានបន្តថា «ក្រោយការសិក្សាអោយបានល្អិតល្អន់ហើយ ខ្សែរត់មួយចំនួន និងមមាញឹកជាងពេលមុនពោល គឺបើមានតម្រូវការ ជាក់លាក់ គឺ រថយន្ត និងល្បឿននៃខ្សែរត់ក៏ត្រូវបង្កើនទៅតាមភាពជាក់ស្តែងផងដែរ»។
លោក ម៉េត មាសភក្តី បន្ថែមថា ដំណើរការនៃការផ្លាស់ប្តូររថយន្តក្រុងចាស់ ទៅរថយន្តក្រុងថ្មីទាំង៥៧គ្រឿងនេះ គឺរថយន្តចាស់ៗ ទាំងនោះ និងបញ្ជូនទៅធ្វើការជួសជុល។ លោករំពឹងថា ក្រោយពីដាក់រថយន្ត ថ្មីចូលទៅក្នុង ខ្សែរត់ចាស់ និងធ្វើឲ្យចំនួនអ្នក ជិះមានការកើនឡើងស្របពេលដែលបច្ចុប្បន្ននេះមានអ្នកជិះ ជាមធ្យម ពី៧ពាន់ទៅ៨ពាន់នាក់ ក្នុងមួយថ្ងៃ។
លោក ម៉េត មាសភក្តី បានបញ្ជាក់ថា ក្រៅពីជំនួយឥតសំណង នូវរថយន្ត១០០គ្រឿង ដែលផ្តល់ជូនដោយ រដ្ឋាភិបាលចិនហើយ នៅដើមឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាល ជប៉ុន និងប្រគល់ជូនរថយន្តក្រុង ចំនួន៨០គ្រឿងទៀត មកឲ្យរដ្ឋបាលរាជធានីភ្នំពេញ ក្នុងចំណោមរថយន្ត ចំនួន១៤០គ្រឿងដែលនឹងត្រូវប្រគល់ ជូនជាបន្តបន្ទាប់ នៅពេល ខាងមុខនេះ៕