(ភ្នំពេញ)៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ស្អែកនេះ នឹងបើកវេទិកាតុមូលជជែកពិភាក្សាលើការធ្វើវិសោធនកម្មស្តីពីគណបក្សនយោបាយ ដែលរារាំងមិនឲ្យទណ្ឌិតទៅពាក់ព័ន្ធជាមួយគណបក្សនយោបាយ។
បើតាមលោកបណ្ឌិត សុខ ទូច ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានថ្លែងថា កិច្ចពិភាក្សានៅថ្ងៃស្អែកនេះ នឹងពិភាក្សាទៅលើភាពចាំបាច់នៃវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ, ច្បាប់ស្តីពីគណបក្សនយោបាយ និងសិទ្ធិពលរដ្ឋ និងផលវិជ្ជមាន និងអវិជ្ជមាននៃវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ។
បើតាមលោក សុខ ទូច វេទិកាជជែកលើការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះ មានការអញ្ជើញចូលរួមមកពីតំណាងគណបក្សនយោបាយ តំណាងក្រសួងយុត្តិធម៌ មេធាវី និងបណ្ឌិតផ្នែកច្បាប់មួយចំនួនផងដែរ។
លោក សុខ ទូច បានគូសបញ្ជាក់ថា វេទិកាតុមូលធ្វើឡើងក្នុងគោលបំណងប្រមូលទស្សនៈនានាជុំវិញការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ បន្ទាប់ពីមានការលើកឡើងនូវទស្សនៈផ្ទុយគ្នាជាច្រើនជុំវិញការធ្វើវិសោធនកម្មច្បាប់នេះ។
វេទិកាតុមូលស្តីពីការធ្វើវិសោធនកម្មនៅថ្ងៃស្អែកនេះ ក៏នឹងត្រូវផ្សព្វផ្សាយផ្ទាល់ជាមួយបណ្តាញព័ត៌មានរបស់ Fresh News ផងដែរ។
សូមបញ្ជាក់ថា តំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជា បានស្នើឲ្យធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយជាថ្មីម្តងទៀត ដោយកែប្រែមាត្រាចំនួន ៥មាត្រា រួមមាន៖ មាត្រា ៦ថ្មី(ពីរ) មាត្រា១១(ថ្មី) មាត្រា៤៤ថ្មី(ពីរ) មាត្រា៤៥ថ្មី(ស្ទួន) និងមាត្រា៤៨ថ្មី (ស្ទួន)។ មាត្រា៦ ថ្មី(ពីរ) បានកំណត់ថា គណបក្សនយោបាយមិនត្រូវប្រើប្រាស់សារជាសំឡេង រូបភាពឯកសារជា លាយលក្ខណ៍អក្សរ ឬសកម្មភាព របស់ទណ្ឌិតជាប់ទោសបទឧក្រិដ្ឋ ឬពីបទមជ្ឈឹម ដើម្បីជាផលប្រយោជន៍នយោបាយខ្លួនឡើយ ហើយគណបក្សនយោបាយ មិនត្រូវយល់ព្រមដោយចំហរ ឬ ឃុបឃិតជាមួយទណ្ឌិតជាប់ទោស ធ្វ្វើសកម្មភាពណាមួយ ដើម្បីជាប្រយោជន៍ខ្លួនផងដែរ។
សំណើធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះ ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី១០ ខែកក្កដា ហើយព្រឹទ្ធសភា បានអនុម័តនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ។ នៅពេលសំណើវិសោធនកម្មនេះចូលជាធរមាន គណបក្សនយោបាយណា ដែលបន្តទាក់ទងជាមួយទណ្ឌិតទោះបីដោយចំហរ និងសម្ងាត់ក៏ដោយ សុទ្ធតែប្រឈមមុខជាមួយច្បាប់ក្នុងការផ្អាកសកម្មភាព ៥ឆ្នាំ និងអាចឈានដល់ការរំលាយបក្សផងដែរ។
បើទោះបីច្បាប់នេះមានវិសាលភាពគ្រប់ដណ្តប់គ្រប់គណបក្សនយោបាយកំពុងធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជាយ៉ាងណាក្តី តែវាត្រូវបានគេមើលឃើញថា នឹងក្លាយជាកំបិតដ៏សែនមុតសម្រាប់គណបក្សសង្រ្គោះជាតិ ឲ្យកាត់ផ្តាច់ទំនាក់ទំនង ពីអតីតប្រធានគណបក្សចាស់ គឺលោក សម រង្ស៊ី ដែលបានក្លាយជាទណ្ឌិតក្នុងសំណុំរឿងបរិហារកេរ្តិ៍ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។
ច្បាប់ថ្មីនេះមិនត្រឹមតែមិនឲ្យអតីតមេបក្សប្រឆាំង ដែលកំពុងគេចខ្លួនពីសំណាញ់ច្បាប់លែងមានទំនាក់ទំនងជាមួយ គណបក្សសង្រ្គោះជាតិនោះទេ តែវាក៏នឹងធ្វើឲ្យគណបក្សទទួលបន្ទុកចំណាយកាន់តែធំថែមទៀតក្នុងការផ្លាស់ប្តូរស្លាក គណបក្សចាស់នៅទូទាំងប្រទេស ដែលមានរូបលោក សម រង្ស៊ី ឈរកាន់ដៃជាមួយរូបលោក កឹម សុខា៕