(ភ្នំពេញ)៖ គណបក្សសង្រ្គោះជាតិ នៅពេលនេះបាននិងកំពុងចាប់ផ្តើមផ្លាស់ប្តូរស្លាកគណបក្សរបស់ខ្លួន ដោយដករូបលោក សម រង្ស៊ី និងលោក កឹម សុខា ចេញទាំងពីរនាក់ ហើយដាក់តែរូបព្រះអាទិត្យរះតែមួយប៉ុណ្ណោះ ខណៈដែលច្បាប់ថ្មីហាមប្រាមគណបក្សទាំងអស់ ចំពោះការប្រើប្រាស់រូបទណ្ឌិត នឹងចូលជាធរមាន នៅពេលឆាប់ៗនេះ។

លោក អេង ឆៃអ៊ាង អនុប្រធានរបស់គណបក្សសង្រ្គោះជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន​ Fresh News ឱ្យដឹងថា ការរៀបចំស្លាកគណបក្សថ្មីៗនេះ គឺធ្វើឡើងដើម្បីសម្របជាមួយនឹងច្បាប់ថ្មីស្តីពីគណបក្សនយោបាយ។ លោកថ្លែងយ៉ាងដូច្នេះថា៖ «យើងនឹងធ្វើអ្វីដែលច្បាប់ចង្អុល ទោះបីជាច្បាប់ហ្នឹង យើងមិនបានទៅចូលរួមអនុម័តក៏ដោយ ហើយនៅពេលច្បាប់នោះចូលជាធរមាននោះ យើងនឹងធ្វើអ្វីទៅតាមហ្នឹង ដើម្បីធានាដល់គោលដៅមួយ គឺការបោះឆ្នោតដោយសេរីត្រឹមត្រូវ និងយុត្តិធម៌»

លោក អេង ឆៃអ៊ាង បានបន្តទៀតថា «បើយើងមិនធ្វើតាមច្បាប់ដែលគេចែង នោះយើងនឹងមានរឿងរ៉ាវមានបញ្ហា អញ្ចឹងបានអ្នកគាំទ្រគណបក្សយើងទាំងអស់ បានត្រៀមខ្លួនដើម្បីដោះស្រាយបញ្ហាទាំងអស់ហ្នឹង មិនឱ្យគេអាចចោទប្រកាន់យើងថា យើងរំលោភច្បាប់របស់គេ»

តាមការចុះផ្សាយរបស់ កាសែតភ្នំពេញប៉ុស្តិ៍នៅថ្ងៃនេះ ដែលដកស្រង់សម្តីតំណាងរាស្រ្ត២រូបផ្សេងទៀត បានឱ្យដឹងថា ស្លាកគណបក្សសង្រ្គោះជាតិថ្មីនេះ មានតែរូបព្រះអាទិត្យរះប៉ុណ្ណោះ ដោយសារតែគណបក្សសម្រេចដក​រូប​លោក​ សម រង្ស៊ី និង​លោក​ កឹម សុខា ចាប់​ដៃ​គ្នា​ចេញ ចាប់​តាំងពី​ថ្ងៃ​ដែល​រដ្ឋសភាអនុម័ត​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​មក​ម្ល៉េះ​។ ការសម្រេចលុបទាំង​រូប​លោក កឹម សុខា ដែល​ជា​ប្រធាន​បច្ចុប្បន្ន​នេះ គឺដើម្បី​ការពារ​មិន​ឲ្យ​មាន​ការ​រំលាយ​គណបក្ស បន្ទាប់ពី​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្មថ្មីនេះ​ចូល​ជា​ធរមាន​។

វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានរៀចចំដោយក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ហើយត្រូវបានរដ្ឋសភា អនុម័តជាស្ថាពរ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧។ បច្ចុប្បន្នច្បាប់ថ្មីនេះកំពុងត្រូវបានព្រឹទ្ធសភាត្រួតពិនិត្យ មុននឹងដាក់ចូលកិច្ចប្រជុំពេញអង្គព្រឹទ្ធសភានៅពេលខាងមុខនេះ។

ច្បាប់គណបក្សនយោបាយនេះ ត្រូវបានកែប្រែចំនួន៥មាត្រា ក្នុងនោះមាត្រា៦ថ្មី(ពីរ) មាត្រា១១(ថ្មី) មាត្រា៤៤ថ្មី(ពីរ) មាត្រា៤៥ថ្មី(ស្ទួន) និងមាត្រា៤៨ថ្មី(សួន)។ មាត្រា៦ថ្មី(ពីរ) បានកំណត់ថា គណបក្សនយោបាយមិនត្រូវប្រើប្រាស់សារជាសំឡេង រូបភាពឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិត ជាប់ទោសបទឧក្រិដ្ឋ ឬពីបទមជ្ឈឹម ដើម្បីជាផលប្រយោជន៍នយោបាយខ្លួនឡើយ ហើយគណបក្សនយោបាយ មិនត្រូវយល់ព្រមដោយចំហរ ឬឃុបឃិតជាមួយ ទណ្ឌិតជាប់ទោស ធ្វ្វើសកម្មភាពណាមួយ ដើម្បីជាប្រយោជន៍ខ្លួនផងដែរ៕