(បាត់ដំបង)៖ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំភ្នំសំពៅ ស្រុកបានណន់ ខេត្តបាត់ដំបង លោក ហែម ថេង ព្រមទាំងសហការី បានប្រគេនទៀនវស្សា និងទេយ្យទានដល់វត្តចំនួន៥ នៅក្នុងបរិវេណវត្តភ្នំសំពៅ ក្នុងឃុំភ្នំសំពៅ និងប្រគល់ប្រឡាយអមដោយផ្លូវលំ១ខ្សែប្រវែង២.៣០០ម៉ែត្រ ជូនប្រជាពលរដ្ឋមូលដ្ឋាន សម្រាប់ប្រើប្រាស់ប្រយោជន៍សាធារណៈ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ។
នៅក្នុងឱកាសនោះ លោកបានថ្លែងសំណេះសំណាលជាមួយព្រះសង្ឃ តាជី យាយជី និងពុទ្ធបរិស័ទ្ធចំណុះជើងវត្តនៅក្នុងឃុំថា «ពីមួយថ្ងៃទៅមួយថ្ងៃ នៅកម្ពុជាយើង វិស័យព្រះពុទ្ធសាសនា មានការរីកចម្រើនជាបន្តបន្ទាប់ រហូតដល់បច្ចុប្បន្នជាក់ស្តែងវត្ត ដែលយើងត្រូវប្រគេនទៀនវស្សាមាន៥វត្ត គឺក្នុងនោះមាន៖ វត្តចែងក្តា វត្តអណ្តើក វត្តទ្រុងមាន់ វត្តល្អាងកន្ទុយក្រពើ និងវត្តភ្នំសំពៅក្នុងឃុំភ្នំសំពៅ ដែលជាឃុំនៅជនបទ និងមានព្រះសង្ឃជាច្រើនអង្គទៀតផងប្រគល់ប្រឡាយអមដោយផ្លូវថ្នល់១ខ្សែ ប្រវែង២.៣០០ម៉ែត្រ ស្ថិតក្នុងភូមិក្តោង សម្រាប់ស្រោចស្រពលើផ្ទៃដីស្រែបានជាង១ពាន់ហិកតាក្នុងឃុំ និងបន្តដាក់លូចំនួន៣កន្លែងបន្ថែមទៀត ផងការចំណាយថវិកា ក្នុងទាំងអស់ក្នុង ថ្ងៃនេះសរុបទឹកប្រាក់អស់ចំនួន១១.៥៦០ដុល្លារ»។
លោកបានបន្តថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដែលមានប្រជាពលរដ្ឋខ្មែរយើងជាង៩០ភាគរយ បានគោរពប្រតិបត្តិ ព្រះពុទ្ធសាសនា ព្រះពុទ្ធសាសនា ជាឃ្លាំងស្តុបនៅចំណេះដឹងដល់កូនខ្មែរជំនាន់ក្រោយ រួមទាំងប្រពៃណី ទំនៀមទំលាប់អក្សរសាស្រ្តជាដើម។ ពិធីបុណ្យចូលព្រះវស្សានេះមានរយៈពេល៣ខែ ដោយចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាធហើយបញ្ចប់ទៅវិញ នៅថ្ងៃទី១៥រោច ខែកក្តិត ក្នុងអំឡុងបុណ្យចូលព្រះវស្សានេះ តាមព្រះវិន័យព្រះពុទ្ធសាសនា បានកំណត់ថា ព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្រ នៅខាងក្រៅបានឡើយ ដោយគង់នៅក្នុងទីអារាមរហូតអស់រយៈពេលមួយត្រីមាស។
ដូច្នេះហើយទើបប្រជាពលរដ្ឋពុទ្ធបរិស័ទ្ធបាននាំគ្នាយកទៀនវស្សា និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃដើម្បីគង់ចាំព្រះវស្សាអស់ត្រីមាស ជាក់ស្តែងថ្ងៃនេះក្រុមការងារចុះជួយឃុំសំពៅសំពៅ បានមូលមតិគ្នានាំទៀនវស្សា និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃចំនួន៥វត្ត នៅស្រុកបាណន់ ដោយវត្តទាំង៥ទទួលបានសរុប៖ មានទៀនវស្សាចំនួន៥គូរ អង្ករ២៥០គីឡូក្រាម ទឹកសុទ្ធល្អ២៥កេស ទឹកដោះគោខាប់៥០កំប៉ុង ស្ករស២៥គីឡូក្រាម ទឹកក្រូច២៥កេស មីកេសធំ៥កេស ទឹកត្រី ស៊ីអ៊ីវ១០យួរ ស្លាដក់១ ត្រីខកំប៉ុង៥កេសធំ និងថវិកា២លានរៀល ក្នុងឱកាសនោះដែរ លោកប្រធានក្រុមការងារបានចែកថវិកាជូនលោកតាលោកយាយចូលរួមក្នុងវត្តម្នាក់២ម៉ឺនរៀល សរុប១លាន៤សែនរៀល។
លោក ហែម ថេង បានបញ្ជាក់ថា ការប្រគេនទៀនព្រះវស្សាជូនវត្តទាំង៥ នៅឃុំភ្នំសំពៅ ក្នុងស្រុកបាណន់នេះ គឺជាការចូលរួមចំណែក ក្នុងវិស័យព្រះពុទ្ធសាសនា ដែលព្រះចៅអធិការវត្តទាំង៥ តែងតែជួយគាំទ្រគណបក្សប្រជាជនកន្លងមក ពិសេសក្នុងការបោះឆ្នោតឃុំសង្កាត់ និងបោះឆ្នោតសភាតំណាងរាស្រ្តអាណត្តិទី៥កន្លងមក បានអសនៈជាច្រើនធ្វើឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះបានបន្តដឹកនាំប្រទេសបន្តទៀត។ ការប្រគេនទៀនព្រះវស្សានេះ គឺយើងទាំងអស់គ្នាតែងតែនាំគ្នាធ្វើជារៀងរាល់ឆ្នាំហើយពុទ្ធបរិស័ទចំណុះជើងវត្តមួយចំនួន ក៏បាននាំគ្នាប្រគេនទៀនព្រះវស្សា ដល់វត្តដែលនៅជិតផ្ទះរបស់ខ្លួនផងដែរ។
ក្នុងនាមគណៈកម្មការគ្រប់គ្រងឃុំ និងចំណុះជើងវត្តជំនួសមុខឲ្យព្រះសង្ឃទាំង៥វត្ត លោកសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំភ្នំសំពៅទាំងអស់ ដែលមានសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា មកចូលក្នុងឱកាសបុណ្យចូលព្រះវស្សានាឆ្នាំនេះ នៅបូជនីយដ្ឋានប្រវត្តិសាស្ត្រ ក្នុងទឹកដីនៃបាត់ដំបង៕