(ភ្នំពេញ)៖ លោក ហេង សុខណា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានកោះអញ្ជើញដើមបណ្ដឹងរដ្ឋប្បវេណីម្នាក់ និងសាក្សីពីររូប ឲ្យចូលបំភ្លឺនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីសាកសួរលើពាក្យប្តឹងលោក ស្រី ញ្ញាណ អតីតចៅសង្កាត់រងទី២ និងបច្ចុប្បន្នជាចៅសង្កាត់ចាក់អង្រែលើ មកពីគណបក្សសង្គ្រោះជាតិ និងភរិយា ក្នុងករណី «បទហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា»។
មន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះថា ជនសង្ស័យឈ្មោះ ស្រី ញ្ញាណ និងប្រពន្ធឈ្មោះឈុំ សុជាតិ ត្រូវបានតុលាការចោទប្រកាន់រួចហើយពីបទ «ហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា» រួចបញ្ជូនសំណុំរឿងមកចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី។
ចន្លោះពេលនេះលោក ហេង សុខណា ជាចៅក្រមស៊ើបសួរ បានកោះអញ្ជើញលោក តាំង ច័ន្ទសុខៃ ជាដើមបណ្ដឹងរដ្ឋប្បវេណីនិងសាក្សីពីររូប ឲ្យចូលបំភ្លឺនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧។
អ្នកច្បាប់មួយរូបបានថ្លែងថា ក្រោយការសាកសួរដើមបណ្ដឹងរដ្ឋប្បវេណី និងសាក្សីពីររូបរួច ចៅក្រមស៊ើបសួរនឹងកោះហៅជនត្រូវចោទចូលបំភ្លឺម្តង។
ដើមចមនៃសំណុំរឿងនេះ ត្រូវបានមន្រ្តីតុលាការបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ លោក តាំង ច័ន្ទសុខៃ ជាសមាជិកក្រុមប្រឹក្សាសង្កាត់ចាក់អង្រែលើ កំពុងតែធ្វើការក្នុងសង្កាត់ ស្រាប់តែឈ្មោះ ឈុំ សុជាតិ បាននាំមនុស្សប្រុសម្នាក់ មកចុះឈ្មោះបោះឆ្នោត។ ដោយគ្មានឯកសារច្បាស់លាស់ ពេលនោះលោក តាំង ច័ន្ទសុខៃ បានឲ្យសាម៊ីខ្លួនទៅរកមេភូមិដើម្បីបញ្ជាក់អាសយដ្ឋាន ស្រាប់តែឈ្មោះ ឈុំ សុជាតិ បែរជាស្រែករករឿងលោក តាំង ច័ន្ទសុខៃ ហើយមានការឈ្លោះប្រកែកគ្នា។ ពេលនោះមកឈ្មោះ ឈុំ សុជាតិ និងប្តីឈ្មោះ ស្រី ញ្ញាណ បានស្ទុះមកវាយលោកតាំង ច័ន្ទសុខៃ បណ្តាលឲ្យធ្លាក់ទូរស័ព្ទហើយវាយជាច្រើនដៃទៀត។ ផ្តើមចេញពីសកម្មភាពបែបនេះទើប លោក តាំង ច័ន្ទសុខៃ ប្តឹងជនសង្ស័យទាំងពីរនាក់តែម្តង។
ទោះបីយ៉ាងណា ពេលនេះអង្គភាពព័ត៌មាន Fresh News នៅពុំទាន់អាចសុំការបញ្ជាក់ពីលោក ស្រី ញ្ញាណ និងប្រពន្ធឈ្មោះ ឈុំ សុជាតិ បាននៅឡើយទេ៕