(ព្រះសីហនុ)៖ ថ្លែងក្នុងកិច្ចប្រជុំពង្រឹងកម្លាំងរៀបរយអន្តរាគមន៍ពិសេស នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ប្រាប់ឲ្យកម្លាំងនគរបាលទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នត្រៀមខ្លួនជានិច្ច ដើម្បីអនុវត្តតាមផែនការ និងបទបញ្ជារបស់ថ្នាក់លើ ហើយការស្លៀកពាក់ឲ្យគ្រប់ឯកសណ្ឋានត្រឹមត្រូវ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានលើកឡើង អំពីស្ថានភាពនយោបាយ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលបច្ចុប្បន្នកំពុងមានការរីកចម្រើនគ្រប់វិស័យ ទាំងទេសចរណ៍ ឧស្សាហកម្ម និងពាណិជ្ជកម្ម។ វិនិយោគិនបរទេសមានការជឿទុកចិត្ត វិស័យដឹកជញ្ជូន ហើយកម្ពុជាមានជើងហោះហើរច្រើនជើង និងច្រើនខ្សែ ធ្វើឲ្យភ្ញៀវទេសចរអន្តរជាតិ មកទស្សនាកម្សាន្តច្រើន។
លោកស្នងការបញ្ជាក់ថា ទាំងអស់នេះក៏ដោយសារប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលផងដែរ អីចឹងហើយទាំងអស់គ្នាត្រូវរួមគ្នា ថែរក្សាសុខសន្តិភាព ឲ្យបានគង់វង្ស។ ប៉ុន្ដែកម្លាំងនគរបាលក៏ត្រូវតែត្រៀមខ្លួនជានិច្ចផងដែរ ដើម្បីអនុវត្តផែនការ និងបទបញ្ជាថ្នាក់លើ។
សូមជម្រាបថា កងកម្លាំងរៀបរយអន្តរាគមន៍ពិសេស ត្រូវបានបង្កើតឡើង តាមស្មារតីអង្គប្រជុំរបស់គណៈស្នងការនគរបាលខេត្តព្រះសីហនុ ដើម្បីត្រៀមធ្វើអន្តរាគមន៍ការពារសន្តិសុខ សណ្តាប់សាធារណៈ ថែរក្សាសុវត្ថិភាពក្នុងសង្គម និងជួយធ្វើអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ ពេលមានគ្រោះអាសន្នផ្សេងៗកើតឡើង៕