(ភ្នំពេញ)៖ ខ្សែភាពយន្តខ្នាតធំ បែបភ័យរន្ធត់ តក់ស្លុត របស់ផលិតកម្ម «មាតុចក្រហ្វីមល៍» មានចំណងជើងថា «វិកលចរិត» បានចាប់ផ្ដើមបើកយុទ្ធនាការ ចាក់បញ្ចាំងនៅក្នុងប្រទេសថៃ និងឡាវ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះហើយ ខណៈដែលនេះ គឺជាខ្សែភាពយន្ដខ្មែរដ៏ល្បីមួយទៀតហើយ ដែលត្រូវយកទៅចាក់បញ្ចាំង តាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ក៏ដូចជាប្រទេសជិតខាង បន្ទាប់ពីទទទួលបានពានរង្វាន់ ពីមហោស្រពភាពយន្តនៅប្រទេសចិន។
បើយោងតាម លោក ហ៊ុយ យ៉ាឡេង ជាចាងហ្វាងផលិតកម្ម មាតុចក្រហ្វីមល៍ និងជាតួសម្ដែងក្នុងរឿងនេះ បានថ្លែងប្រាប់ Khmer Talking ឲ្យដឹងថា «ការចាក់បញ្ចាំងរឿង វិកលចរិត នេះ គឺដើម្បីអបអរសាទរ ខណៈដែលភាពយន្តនេះ ជាខ្សែភាពយន្តខ្មែខ្នាតធំ ដែលទទួលបានពានរង្វាន់ ពីប្រទេសចិន»។
លោកបន្តថា «ម្យ៉ាងវិញទៀត ជាមួយគ្នានឹងការត្រៀមចាក់បញ្ចាំង នៅក្នុងប្រទេសថៃ និងឡាវ ខាងមុខនេះ ក៏ជាឱកាសមួយ ក្នុងការរកជំនួយបន្ថែម ដើម្បីជួយដល់មនុស្សបាត់បង់សតិបញ្ញា (មនុស្សវិលកចរិត) នៅក្នុងប្រទេសកម្ពុជា ដែលបានបង្ហាញឲ្យឃើញ តាមរយៈរឿងនេះ ឲ្យទស្សនិកជន បានដឹង!»។
សូមបញ្ជាក់ថា ដោយសារតែសាច់រឿង «វិកលចរិត» មានភាពប្រទាក់ក្រឡាគ្នា តាំងពីដើមរឿង ដល់ទីបញ្ចប់ ធ្វើឲ្យអ្នកទស្សនាជក់ចិត្ត ភ្ញាក់ផ្អើលរឿងខ្មែរមួយនេះ។ ម្យ៉ាងទៀត វាមានលក្ខណៈបច្ចេកទេស និងគុណភាពស្ដង់ដារអន្តរជាតិ ដែលមិនងាយនឹងមាននរណាផលិតឡើងបាន ដោយងាយស្រួលឡើយ៕