(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ បានថ្លែងថា គ្រាដែលប្រទេសមានសន្តិភាពពេញលេញ កងកម្លាំងរាជអាវុធហត្ថទាំងអស់ ត្រូវតែរៀនសូត្រឲ្យបានគ្រប់ជំនាញ និងត្រូវរៀនសូត្រ ស្តាប់លោកយោធាចារ្យ ស្តាប់គ្រូបង្គោលរបស់អង្គភាព។
ការលើកឡើងបែបនេះ ក្នុងឱកាសដែលលោកឧត្តមសេនីយ៍ត្រី ជូ សារុន អញ្ជើញចូលរួមក្នុងពិធីបើកវគ្គបំប៉នជំនាញកងរាជអាវុធហត្ថ ឆ្នាំ២០១៧ ដែលមានសិក្ខាកាមប្រមាណ៩០នាក់ មកគ្រប់មូលដ្ឋានចំណុះបញ្ជាការ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានលើកឡើងថា ត្រូវគោរពនៅបទបញ្ជា មករៀនឲ្យទាន់ពេលវេលាតាមច្បាប់កងទ័ពតាមដានយក ចិត្តទុកដាក់លោកយោធា ស្លៀកពាក់ឯកសណ្ឋានប្រត្តិបត្តិការឲ្យសមស្របតាមបញ្ជា ហាមជជែក និយាយទូរស័ព្ទ ប្រើសម្លេងរំខាន -ល- ។
លោកមេបញ្ជាការ បានលើកឡើងទៀតថា អនុគណៈកម្មាធិការ គ្រប់គ្រងវគ្គ ផ្តល់ការវាយតម្លៃលើសិក្ខាកាមដែលរៀនឲ្យមានភាពត្រឹមត្រូវ តើសិក្ខាកាមរៀនខ្សោយមកពីអ្វី? ហើយអនុវត្តឲ្យបានញឹកញាប់ និងត្រូវមានមូលហេតុច្បាស់លាស់ ដោយមិនអនុគ្រោះដល់សិក្ខាកាម ម្នាក់ណាឡើយ។
សូមបញ្ជាក់ថា វគ្គអប់រំបំប៉នជំនាញរបស់អង្គភាពនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ ដោយមានលោកគ្រូយោចារ្យចំនួន៥រូប គឺលោកឧត្តមសេនីយ៍ទោ នាង សុជីវី, លោកឧត្តមសេនីយ៍ទោ អឿ សាវ៉ន, លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី រួមទាំងលោកប្រធានសាលាដំបូង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺផងដែរ។ នៅក្នុងវគ្គរៀន បំប៉នជំនាញលើកនេះផងដែរ គឺមានគ្រូបង្គោលរបស់អង្គភាព១១នាក់ និងធ្វើបទបង្ហាញតាមជំនាញនីមួយៗដល់សិក្ខាកាម៕