(ភ្នំពេញ)៖ ក្រោយបើកសវនាការនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ លោក គី ឫទ្ធី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ សម្រេចមិនអនុញ្ញាតិឲ្យលោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ នៅក្រៅឃុំបណ្តោះអាសន្ននោះទេ។ នេះបើតាមការបញ្ជាក់របស់លោក ជូង ជូងី ជាមេធាវីការពារក្ដីលោក គឹម សុខ បានថ្លែងប្រាប់ក្រុមអ្នកកាសែតនៅខាងក្រៅតុលាការ។
គួរបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះ នឹងបើកសវនាការអង្គសេចក្ដីរឿងលោក គឹម សុខ ពាក់ព័ន្ធការចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា ថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី។
បើតាមប្រភពព័ត៌មានច្បាស់ការណ៍បានបញ្ជាក់ថា សវនាការនេះដឹកនាំដោយលោក គី ឫទ្ធី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងលោក សៀង សុខ ជាតំណាងអយ្យការ។
លោក គឹម សុខ ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃស កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្តឹងមេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលហ៊ានចោទគណបក្សប្រជាជនកម្ពុជាថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី។
លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនលោក គឹម សុខ បន្ទាប់ពីលោកព្រះរាជអាជ្ញារង សៀង សុខ សម្រេចចោទប្រកាន់ចំនួនពីរបទល្មើស គឺ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ។
បច្ចុប្បន្នលោក គឹម សុខ នៅជាប់បណ្តឹងមួយទៀត ដែលប្តឹងដោយសម្តេចតេជោ ដូចគ្នា គឺពាក់ព័ន្ធការដែលលោក គឹម សុខ បានចោទប្រកាន់ ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតប្រព័ន្ធសម្លាប់មនុស្ស រួចរកឃាតកមិនដែលឃើញ៕