(កំពង់ធំ)៖ មេក្លោងជួញដូរឈើជនជាតិវៀតណាមដ៏ល្បីឈ្មោះ នៅតាមខេត្តជាប់ព្រំដែនឈ្មោះ ឃ្វៀង ធីម៉ាយ ហៅយាយម៉ាយ នៅពេលនេះត្រូវបានកម្លាំងសមត្ថកិច្ចខេត្តកំពង់ធំ ចាប់ខ្លួនបានហើយ ក្រោមការបញ្ជាផ្ទាល់របស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ លោក អ៊ិត សុធា ដែលធ្វើឡើងនៅហាងផ្កាយមាស ក្រុងស្ទឹងសែន នាល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧។
ព្រះរាជអាជ្ញា អ៊ិត សុធា បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា គិតត្រឹមម៉ោងជិត១១ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ ស្ដ្រីជួញដូរឈើខុសច្បាប់រូបនេះ កំពុងស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ចនគរបាលខេត្តកំពង់ធំនៅឡើយ មិនទាន់បានបញ្ជូន មកដល់អយ្យការនៅឡើយទេ។
បើតាមព្រះរាជអាជ្ញារូបនេះ ស្ដ្រី ឃ្វៀង ធីម៉ាយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយអនុវត្តតាមដីការបស់ចៅក្រមសាលាដំបូងខេត្តកំពង់ធំ ពីបទ «បទល្មើសព្រៃឈើ ពីបទប្រើប្រាស់រថយន្ដអត់ពន្ធ និងប្រើប្រាស់ស្លាកលេខក្លែងក្លាយ»។
យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ លោក ឃន សុកល នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ បានចោទប្រកាន់ ស្ដ្រីឈ្មោះ ឃ្វៀង ធីម៉ាយ អាយុប្រហែល៣៩ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ពីបទ «ប្រមូល និងដឹកជញ្ជូនផល-អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាតិ ពីរដ្ឋបាលព្រៃឈើ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា៩៦ និងមាត្រា៩៨ នៃច្បាប់ស្ដីពីព្រៃឈើ និងបទប្រើប្រាស់ឯកសារសាធារណៈក្លែង (ស្លាកលេខសម្គាល់យានយន្ដក្លែងក្លាយ) បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧»។
សូមបញ្ជាក់ថា មេឈ្មួញឈើយាយម៉ាយ ជាជនជាតិវៀតណាមរូបនេះ មានឈ្មោះល្បីយូរហើយខាងរកស៊ីឈើ នាំពីកម្ពុជាទៅវៀតណាម ប្រចាំតំបន់អន្លង់វែង ដោយគ្មាននរណាហ៊ានប៉ះនោះឡើយ តាំងពីសមត្ថកិច្ចថ្នាក់ក្រោម រហូតដល់ថ្នាក់លើ។
តាមសមត្ថកិច្ចខ្លះ យាយម៉ាយ គឺជនជាប់ពាក់ព័ន្ធ និងបទល្មើសព្រៃឈើយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យពលរដ្ឋខ្មែរមួយចំនួនធំ ប្រឈមការបាញ់ សម្លាប់ពីទាហានថៃ ខណៈក្រុមយាយម៉ាយ ចំណាយលុយកេណ្ឌប្រមូលពួកគាត់ឡើងភ្នំចូលកាប់ឈើគ្រញូងនៅក្នុងទឹកដីថៃ ហើយយាយម៉ាយចំណាយ លុយបង់ឲ្យសមត្ថកិច្ច អាជ្ញាធរ និងជំនាញរដ្ឋបាលព្រៃឈើ រហូតដល់បុគ្គលនេះបញ្ចេញសកម្មភាព រកស៊ីឈើគ្រញូង ជាចំហលើទឹកដីខេត្តឧត្តរមានជ័យតែម្តង៕