(ភ្នំពេញ)៖ ទីបំផុត ! ព្រឹទ្ធសភា បានអនុម័តគាំទ្រដោយឥតកែប្រែចំពោះ សេចក្តីស្នើច្បាប់វិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយហើយ ក្រោមសំឡេង៤២លើ៤២រូប នៅក្នុងកិច្ចប្រជុំពេញអង្គ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ។
កិច្ចប្រជុំពេញអង្គនេះ ត្រូវបានធ្វើឡើងនៅវិមានព្រឹទ្ធសភា ក្រោមអធិបតីភាព សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានសមាជិកព្រឹទ្ធសភា ចំនួន៤២រូបចូលរួម។
វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានរៀចចំដោយក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ហើយត្រូវបានរដ្ឋសភា អនុម័តជាស្ថាព័រ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧។ បច្ចុប្បន្នច្បាប់ថ្មីនេះ កំពុងត្រូវបានព្រឹទ្ធសភាត្រួតពិនិត្យ មុននឹងដាក់ចូល កិច្ចប្រជុំពេញអង្គព្រឹទ្ធសភា នៅពេលខាងមុខនេះ។
ច្បាប់គណបក្សនយោបាយនេះត្រូវបានកែប្រែចំនួន ៥មាត្រា ក្នុងនោះមាត្រា ៦ថ្មី(ពីរ) មាត្រា១១(ថ្មី) មាត្រា៤៤ថ្មី(ពីរ) មាត្រា៤៥ថ្មី(ស្ទួន) និងមាត្រា៤៨ថ្មី (សួន)។ មាត្រា៦ ថ្មី(ពីរ) បានកំណត់ថា គណបក្សនយោបាយមិនត្រូវប្រើប្រាស់សារជាសំឡេង រូបភាពឯកសារជា លាយលក្ខណ៍អក្សរ ឬសកម្មភាព របស់ទណ្ឌិតជាប់ទោសបទឧក្រិដ្ឋ ឬពីបទមជ្ឈឹម ដើម្បីជាផលប្រយោជន៍នយោបាយខ្លួនឡើយ ហើយគណបក្សនយោបាយ មិនត្រូវ យល់ព្រមដោយចំហរ ឬឃុបឃិតជាមួយ ទណ្ឌិតជាប់ទោស ធ្វ្វើសកម្មភាពណាមួយ ដើម្បីជាប្រយោជន៍ខ្លួនផងដែរ៕