(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ នឹងបើកសវនាការរឿងក្ដីលោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គមនិងនយោបាយ ចំពោះករណីស្នើសុំនៅក្រៅឃុំបណ្តោះអាសន្ន ។ នេះបើតាមការបញ្ជាក់របស់លោក ជូង ជូងី ជាមេធាវីការពារក្ដីលោក គឹម សុខ ថ្លែងប្រាប់អង្គភាពសារព័ត៌មាន Fresh News នៅព្រឹកនេះ។
គួរបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះ នឹងបើកសវនាការ អង្គសេចក្ដី រឿងលោក គឹម សុខ ពាក់ព័ន្ធការចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់លោកបណ្ឌិតកែម ឡី ។ សវនាការនេះដឹកនាំដោយលោក គី ឫទ្ធី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និង លោក សៀង សុខ ជាតំណាងអយ្យការ ។
លោក គឹម សុខ ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃស កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្តឹងមេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះការចោទ គណបក្សប្រជាជនកម្ពុជាថា ជាអ្នកសម្លាប់លោកបណ្ឌិតកែម ឡី ។
ព្រះរាជអាជ្ញារង សៀង សុខ បានសម្រេចចោទប្រកាន់ លោក គឹម សុខ ចំនួនពីរបទល្មើស គឺ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៤៩៤ មាត្រា៤៩៥ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ។
បច្ចុប្បន្នលោក គឹម សុខ នៅជាប់បណ្តឹងមួយទៀត ដែលប្តឹងដោយសម្តេចតេជោ ដូចគ្នា គឺករណីដែលលោក គឹម សុខ បានចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតប្រព័ន្ធសម្លាប់មនុស្ស រួចរកឃាតកមិនដែលឃើញ ៕