(ភ្នំពេញ)៖ ជាមួយនឹងមោទភាព ដែលកម្ពុជាទើបដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោកនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការដាក់បញ្ចូលបញ្ចូលប្រាសាទនេះជាសម្បត្តិបេតិកភណ្ឌពិភពលោក និងការថែរក្សាសម្បត្តិ​វប្បធម៌នានា ដែលរាជរដ្ឋាភិបាលកំពុងធ្វើនេះគឺជាទង្វើកតញ្ញូ ដើម្បីតបស្នងដល់គុណព្រះរាជា និងបុព្វបុរសជំនាន់ ចំពោះការបន្សល់កេរមរតកនេះ សម្រាប់កូនចៅ ជំនាន់ក្រោយ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា យើងទាំងអស់គ្នាជាពលរដ្ឋខ្មែរ ត្រូវតែធ្វើជាកូនកតញ្ញូ ដោយការពារសម្បត្តិវប្បធម៌ ដែលបន្សល់ទុកពីដូនតានេះ។ ការលើកឡើងបែបនេះរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីអបអរសាទរការដាក់បញ្ចូល ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នាយប់ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «យើងមានកិច្ចការជាច្រើនដែលត្រូវធ្វើជាបន្ត រឿងនេះមិនចប់ត្រឹមថ្ងៃនេះទេ យើងនៅមាន ប្រាសាទកោះកេរ ប្រាសាទបន្ទាយឆ្មារ យើងនៅមានភ្នំគូលែន និងកន្លែងដទៃទៀតដែលត្រូវធ្វើ ដូច្នេះហើយនេះគឺជាតួនាទីរបស់ពលរដ្ឋកម្ពុជា នៃកូនខ្មែរដែលបានកើតលើទឹកដីនេះ»។

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា «អ្វីដែលយើងបានធ្វើនេះ គឺដោយសារតែដូនតាយើងបានបន្សល់ទុកឱ្យយើង ដូនតាយើងបានកសាង ព្រះរាជាគ្រប់ជំនាន់ បានដឹកនាំកសាង ជាមួយនឹងបុព្វបុរសជាតិ របស់យើង។ យើងជាអ្នកជំនាន់ក្រោយគ្រាន់តែការពារ បើការពារមិនបានគឺជាកូនអកតញ្ញូ យើងទាំងអស់គ្នា ត្រូវធ្វើជាកូនកតញ្ញូ»

សូមបញ្ជាក់ថា «ប្រាសាទសំបូរព្រៃគុក» ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក អនុម័តបញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីយប់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Cracovie ប្រទេសប៉ូឡូញ។ ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចំងាយ២៥គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។ ប្រាសាទនេះ ជារាជធានីចាស់បុរាណឈ្មោះ ថាឥសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវៈនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ ដែលលំអរលើជញ្ជាំងប្រាសាទ ហើយត្រូវបានកសាងឡើង នៅរជ្ជកាលព្រះបាទ ឥសានវរ្ម័នទី១ ក្នុងសតវត្សទី៧។ តាមការស្រាវជ្រាវបានឲ្យដឹងថា នៅទីនោះ មានប្រាសាទប្រមាណជាង១០០ប្រាសាទ ដែលចែកចេញជា៤ក្រុមធំៗ។

រហូតដល់ពេលនេះ កម្ពុជាមានសម្បត្តិវប្បធម៌ចំនួន៧ ត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងនោះមាន សម្បត្តិវប្បធម៌រូបី ចំនួន៣ និងអរូបីចំនួន៤៕