(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសយកថ្ងៃទី១០ ខែកក្កដាជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាចងចាំ នៃការដាក់បញ្ជូលប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុករបស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ថ្លែងក្នុងពិធីអបអរសាទរការដាក់បញ្ជូនតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បតិ្តបេតិកភណ្ឌពិភពលោក នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា កម្ពុជានឹងយកថ្ងៃទី១០ ខែកក្កដា ជារៀងរាល់ឆ្នាំដើម្បីធ្វើជាទិវានៃការចងចាំក្នុងការដាក់ប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុករបស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ជាមួយគ្នានោះសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានធ្វើការងារបន្ដពី សម្ដេចវិបុលបញ្ញា សុខ អាន ប្រកបដោយភាពជោគជ័យដ៏អស្ចារ្យមួយនេះ។
ក្នុងឱកាសនោះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឲ្យអ្នកចូលរួមក្នុងពិធីនោះ ប្រមាណជាង១ម៉ឺននាក់ ក្រោកឈរឡើងដើម្បីស្មឹងស្មាតរយៈពេល៥វិនាទី ដើម្បីគោរពវិញ្ញាណក្ខន្ធ សម្ដេចវិបុលបញ្ញា សុខ អាន ផងដែរ។
សូមបញ្ជាក់ថា ការសម្រេចបញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភណ្ឌ ពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ ប្រទេសជាសមាជិក និង២១ប្រទេស ជាគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេច អនុម័តបញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង៩៖៤០នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Cracovie ប្រទេសប៉ូឡូញ៕