(ប៉ៃលិន)៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះលោក កើត សុធា អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី នៅសាលាបឋមសិក្សាទំនប់ SCCFA ចំនួន១ខ្នង មាន៣បន្ទប់ដែលជាអំណោយរបស់អង្គការ មូលនីធិសង្គ្រោះកុមារកម្ពុជា-អូស្រ្តាលី ស្ថិតនៅក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលក្រៅ ខេត្តប៉ៃលិន។
លោក កើត សុធា បានថ្លែងថា នេះជាលើកទី២ហើយដែលអង្គការមូលនិធិសង្គ្រោះកុមារកម្ពុជា-អូស្រ្តាលី ដែលបានផ្តល់ឲ្យក្មួយៗសិស្សានុសិស្ស នៅក្នុងភូមិទំបន់ដើម្បី សិក្សារៀនសូត្រ ដែលបានចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បី ឲ្យស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក កើត សុធា ក៏បានថ្លែងអំណគុណដល់អង្គការមូលនីធិសង្គ្រោះកុមារកម្ពុជា-អូស្រ្តាលី និងសប្បុរសជនទាំងអស់ដែលបានរួមចំណែកក្នុងការ កសាងអគារសិក្សាថ្មី នៅក្នុងតំបន់ដាច់ស្រយ៉ាលនេះ ដែលបានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយវិស័យអប់រំនៅកម្ពុជា។
លោកស្រី ប៊ុន ឡឺវីសេដា ប្រធានអង្គការមូលនីធិសង្គ្រោះកុមារកម្ពុជា-អូស្រ្តាលី បានថ្លែង ជំរុញដល់អាណាព្យាបាលសិស្សត្រូវបញ្ជូនកូនចៅ មកចូលរៀនឲ្យបានគ្រប់ៗគ្នា ព្រោះថានេះ គឺជាឱកាសល្អសំរាប់ក្មួយៗ កុមារដែលមានសាលារៀននៅជិតផ្ទះរបស់ខ្លូន ដើម្បីកុំម្ចាស់ជំនួយ និងសប្បុរសជនខកបំណង ដែលពួកគាត់ចង់ឲ្យកុមារនៅតំបន់ដាច់ស្រយាលនេះបានសិក្សារៀនសូត្រគ្រប់ៗគ្នា។
លោកស្រី ប៊ុន ឡឺវីសេដា បានបន្តថា បានសំណូពរដល់អាជ្ញាធរមូលដ្ឋាន សហគមន៍ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស ត្រូវចូលរួមថែទាំសមិទ្ធផលថ្មីនេះឲ្យបានល្អ ដើម្បីប្រើប្រាស់ឲ្យបានយូរអង្វែង ជាពិសេសត្រូវជំរុញកូនចៅឲ្យខិតខំសិក្សារៀនសូត្រ ពីព្រោះការសិក្សារៀនសូត្រ គឺមានសារៈសំខាន់ណាស់ក្នុងការផ្តល់ចំណេះដឹង ចំណេះធ្វើ សំរាប់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និង ប្រទេសជាតិឲ្យមានរីកចម្រើនទៅថ្ងៃអនាគត់ផងដែរ។
ប្រជាពលដ្ឋជាអាណាព្យាបាល សិស្ស បានមានសេចក្តីត្រេកអរសប្បាយរីករាយ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជន និងអង្គការមូលនីធិសង្គ្រោះកុមារកម្ពុជា-អូស្ត្រាលី ដែលបានផ្ដល់អគារសិក្សា១ខ្នង មាន៣បន្ទប់បន្ថែមទៀតសម្រាប់ឲ្យកូនចៅរបស់គាត់បានសិក្សា។
គួរបញ្ជាក់ថា៖ បើតាមរបាយការណ៍របស់ លោក ហ៊ឹម លីហួ នាយកសាលាបឋមសិក្សាទំនប់ SCCFA បានឲ្យដឹងថា កាលពីមុននៅភូមិទំនប់ សិក្សានុសិស្សរៀននៅតាមសំយ៉ាបផ្ទះប្រជាពលរដ្ឋ តែក្រោយមកនៅឆ្នាំ២០១២ អង្គការមូលនីធិសង្គ្រោះកុមារកម្ពុជា-អូស្រ្តាលី បានផ្តល់អគារសិក្សា១ខ្នង មាន៣បន្ទប់ បង្គន់អនាម័យ១បន្ទប់ អណ្តូងស្នប់ទឹក១ និងក្លោងទ្វារសាលា១ ហើយនៅក្នុងឆ្នាំ២០១៧នេះ អង្គការមូលនីធិសង្គ្រោះកុមារកម្ពុជា-អូស្រ្តាលី ក៏បានចាប់ផ្តើមកសាងសាលារៀនមួយខ្នងទៀត ដែលមាន៣បន្ទប់ និងបង្គន់អនាម័យ១បន្ទប់ទៀត ដើម្បីជួយសម្រួលដល់តម្រូវការសិក្សានុសិស្សចូលរៀនចំនួន១៧៤នាក់ ស្រី៨២នាក់ និងមានគ្រូចំនួន៤នាក់ ក្នុងនោះគ្រូកិច្ចសន្យាចំនួន២នាក់៕
នៅក្នុងឱកាសនោះផងដែរ គណៈអធិបតី និងសប្បុរសជន ក៏បានអញ្ជើញកាត់ខ្សែរបូសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី ព្រមទាំងចែកសៀវភៅ ប៊ិច ខោអាវ ស្បែកជើង ជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាទំនប់ផងដែរ៕