(កណ្ដាល)៖ កំពង់ផែស្វ័យរាជធានីភ្នំពេញ កំពុងតែធ្វើឲ្យប្រជាពលរដ្ឋភិតភ័យ ពីរឿងបូមខ្សាច់ស្ដារប្រឡាយបើកផ្លូវនាវាចរណ៍ ចន្លោះផ្នែកខាងកើតកោះតាង ស្ថិតក្នុងឃុំព្រែកលួង ស្រុកខ្សាច់កណ្ដាល ព្រោះពលរដ្ឋខ្លាចក្រុមហ៊ុនដែលបូមខ្សាច់នោះ មិនគោរពតាមការសន្យា។
ជាក់ស្ដែងនៅចុងសប្ដាហ៍កន្លងទៅនេះ នៅភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល បានធ្វើវេទិការសាធារណៈពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋ ដែលរស់នៅជុំវិញទីតាំង បូមស្តារប្រឡាយនាវាចរណ៍ ចន្លោះផ្នែកខាងកើតកោះតាង ស្ថិតនៅឃុំខាងលើ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក ហ៊ី ប៉ាវី អគ្គនាយកកំពង់ផែភ្នំពេញ, លោក ឃឹម ចាន់គីរី អភិបាលរងខេត្ត និងលោក ហួត ហាក់ ប្រធានការិយាលយ័រ៉ែ និងថាមពល ព្រមទាំងមន្ដ្រីពាក់ព័ន្ធ ប្រជាពលរដ្ឋប្រមាណ៤៥០នាក់ផងដែរ
លោក សាយ ទូច អាចារ្យវត្តព្រែកលួង បានអះអាងថា លោកនៅតែមានការព្រួយបារម្មណ៍ ព្រោះថា ពេលមុនមានក្រុមហ៊ុនមួយចំនួន មកបូមខ្សាច់នៅកោះនេះ តែក្រោយមកដោយមានការបាក់ស្រុតច្រាំងខ្លាំង ទើបប្រជាពលរដ្ឋបាននាំគ្នាតវ៉ាឲ្យក្រុមហ៊ុននោះបញ្ឈប់ការបូមជាបន្ទាន់ ព្រោះថា មុនពេលធ្វើអាជីវកម្មបូមយកខ្សាច់ មានកិច្ចសន្យាច្បាស់លាស់ជាមួយអាជ្ញាធរស្រុក និងខេត្ត សន្យាបូមចំងាយ១៥០ម៉ែត្រពីច្រាំង តែផ្ទុយទៅវិញមកបូមនៅកៀកច្រាំង ខុសពីអ្វីដែលបានសន្យា។
លោកបន្ថែមទៀតថា ទោះបីជាពួកគាត់យល់ព្រម ក៏នៅតែមានការព្រួយបារម្មណ៍ ខ្លាចអ្វីដែលជាការសន្យាពេលនេះ ដូចកាលពីមុន ពោលគឺក្រុមហ៊ុនមិនគោរពច្បាប់។
ពលរដ្ឋម្នាក់ទៀតឈ្មោះ ព្រឿង ស៊ុន បានឲ្យដឹងថា មតិប្រជាជនដែលបានចូលរួមក្នុងវេទិការនេះ គឺពួកគាត់យល់ព្រម បើការបូមយកខ្សាច់នេះ ដែលមិនបង្កផលប៉ះពាល់ច្រាំង និងផលដំណាំរបស់ពួកគាត់ ហើយធ្វើឲ្យនាវាចរណ៍ធំៗ ធ្វើដំណើរបាន និងចរន្តទឹកហូរខ្លាំងពិតជាល្អ តែបើផ្ទុយពីនេះទៅវិញ បូមគ្មានពេលស្រាកស្រាន្ត បង្កផលប៉ះពាល់ដល់ពួកគាត់ គឺពិតជាមិនយល់ព្រមឡើយ។
ជាមួយគ្នានោះ លោក ហួត ហាក់ ប្រធានការិយាល័យរ៉ែ និងថាមពលស្រុក បានអះអាងថា ការធ្វើវេទិការសាធារណៈនេះ គឺផ្តោតទៅលើការ បូមស្តារខ្សាច់ទន្លេបាសាក់ ដើម្បីស្តាប្រឡាយទឹក បាតទន្លេឲ្យមានចរន្តទឹកហូរខ្លាំង។ លោកបន្ថែមថា ការបូមយកខ្សាចពេលនេះ ជំនាញមានដាក់ពោងដើម្បីសម្គាល់ លើសពីនេះទៅទៀត បើមានប្រការណាមួយខុសឆ្គង ខាងស្វយ័តរាជធានីភ្នំពេញជាអ្នកទទួលការខុស។
សូមរំលឹកថា ការស្តារទន្លេ គឺជាការស្តារបើកផ្លូវនាវាចរណ៍ វាជាកាតព្វកិច្ចរបស់កំពង់ផែភ្នំពេញ ដែលជាសហគ្រាសស្វ័យតមួយរបស់ក្រសួងសាធារណការ និងដឹងជញ្ជូន ក៏ប៉ុន្តែការស្តារទន្លេ បើជាគោលការណ៍នៃការស្តារទន្លេបើកផ្លូវនាវាចរណ៍ សម្រួលផ្លូវទឹកពិតប្រាកដមែននោះ គឺមិនចាំបាច់យកខ្សាច់ទៅលក់ធ្វើអាជីកម្មនោះទេ បើមានអាជីវកម្មហើយ ការស្តារនោះមិនមែនកំពង់ផែជាអ្នកស្តារនោះទេ គឺមានន័យថា បានលក់ទៅឲ្យក្រុមហ៊ុនមួយចំនួន គឺយកសាឡង់មកបូម ដូច្នេះការបូមខ្សាច់កំពង់ផែភ្នំពេញ មិនអាចគ្រប់គ្រងបានទេ ដូចជាកន្លងមកនៅស្តៅតាឯក នៅស្រុកលើកដែក ផ្លូវជាតិលេខ១ កំពុងតែមានការឈ្លោះប្រកែកគ្នាមិនទាន់ត្រូវបានដោះស្រាយចេញនៅឡើយទេ៕