មេក្លោងជួញដូរគ្រឿងញៀន ជនជាតិឡាវម្នាក់ និងថ្នាំញៀនជាង១គីឡូក្រាម ត្រូវកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង បង្ក្រាបបាន
17-07-2017 17:56
(ស្ទឹងត្រែង)៖ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានធ្វើការឃាត់ខ្លួនមេក្លោងជួញដូរគ្រឿងញៀន ជនជាតិឡាវម្នាក់ ដោយក្នុងនោះ ដកហូតបានថ្នាំញៀនជាង១គីឡូក្រាម នៅចំណុចនៅភូមិណាអូង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង បានបញ្ជាក់មកភា្នក់ងារ Fresh News ប្រចាំខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះថា ប្រតិបត្តិការនេះបានធ្វើឡើង ក្រោមបញ្ជាផ្ទាល់ពីនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
បើតាមមន្រ្តីលោកមេបញ្ជាការបានឲ្យដឹងថា ជនសង្ស័យខាងលើនេះ ឈ្មោះ កង មួន អាយុ៤៨ឆ្នាំ ជនជាតិឡាវ មុខរបរធ្វើស្រៃ មានស្រុកកំណើតនៅភូមិទីហាក់ ឃុំខីនាក់ ស្រុកម៉ឿងខ្វង ខេត្តចំប៉ាសាក់ ហើយកម្លាំងបានដកហូតបានថ្នាំញៀនចំនួន១០៦៩,៤ក្រាម។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចកំពុងរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់ចែងតាមនីតិវិធីច្បាប់៕